(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ ថារូបលោកផ្ទាល់ជឿថាសង្រ្គាមជាមួយអ៉ីរ៉ង់នឹងបិទបញ្ចប់ក្នុងពេលឆាប់ៗ ហើយទទួលស្គាល់យោធាអាមេរិកបានជួបបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការផ្គត់ផ្គង់អាវុធ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅចំពោះមុខក្រុមអ្នកសារព័ត៌មាននៅឯការិយាល័យពងក្រពើនៃសេតវិមាន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាវា (សង្រ្គាមជាមួយអ៉ីរ៉ង់) នឹងបិទបញ្ចប់ឆាប់ៗ។ ខ្ញុំគិតថាវានឹងមិនអូសបន្លាយពេលយូរតទៅទៀតនោះទេ»។ ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអង្គារសប្ដាហ៍នេះបានរាយការណ៍ថាកងទ័ពអាមេរិកបានប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយទំនើបៗស្ទើរតែអស់ពីឃ្លាំងអំឡុងសង្រ្គាមរយៈពេលជាង ៥ខែមកនេះជាមួយអ៉ីរ៉ង់។
នៅពេលត្រូវបានសាកសួរអំពីស្ថានភាពឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិក លោក ត្រាំ បានឆ្លើយថាសហរដ្ឋអាមេរិកមានប្រភេទអាវុធមួយចំនួនក្នុងឃ្លាំងស្ទើរតែគ្មានដែនកំណត់ ប៉ុន្តែលោកបានទទួលស្គាល់អាវុធខ្លះទៀតពិតជាមានចំនួនកំណត់។ «យើងមានប្រភេទអាវុធមួយចំនួនដែលមានឥទ្ធិពលខ្លាំងក្លា ហើយអាវុធទាំងនោះស្ទើរតែគ្មានដែនកំណត់ ស្ទើរតែគ្មានដែនកំណត់នៃការផ្គត់ផ្គង់។ តែយើងមានអាវុធខ្លះទៀតដែលចំនួនមានកំណត់»។
បើតាមលោក ត្រាំ បណ្ដាក្រុមហ៊ុនផលិតអាវុធអាមេរិកកំពុងសាងសង់រោងចក្របន្ថែម ក្នុងនោះរួមមានទាំងរោងចក្រផលិតគ្រាប់មីស៊ីល Patriot និង Tomahawk ផងដែរ៕





























