ក្រសួងពាណិជ្ជកម្ម រំលឹកជាថ្មីអំពីការបន្តលើកលែងការពិន័យ ចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ តាមរយៈការពិន័យត្រឹម ១ឆ្នាំចុងក្រោយ សម្រាប់រយៈ​ពេល ៦ខែ

(ភ្នំពេញ)៖ ជាថ្មីម្តងទៀត នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ ក្រសួងពាណិជ្ជកម្ម បានផ្សព្វផ្សាយឡើងវិញ នូវសេចក្តីជូនដំណឹងការបន្តលើកលែងការពិន័យ ចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ តាមរយៈការពិន័យត្រឹម ១ឆ្នាំចុងក្រោយ សម្រាប់រយៈ​ពេល ៦ខែ។

ក្រសួងពាណិជ្ជកម្ម សូមជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុន ឬអ្នកគ្រប់គ្រងក្រុមហ៊ុនទាំងអស់ឱ្យបានជ្រាបអំពីការបន្តលើកលែង ការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំនីមួយៗសម្រាប់រយៈពេល ៦ ខែបន្ថែមទៀត ដោយត្រូវបំពេញលក្ខខណ្ឌ តម្រូវដូចខាងក្រោម៖
១. ត្រូវបង់ប្រាក់ពិន័យមិនបានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំសម្រាប់រយៈពេល ១ ឆ្នាំចុងក្រោយ និងបង់កម្រៃសេវាតម្កល់ ប្រតិវេទន៍ប្រចាំឆ្នាំ តាមចំនួនឆ្នាំដែលមិនបានបង់ជាក់ស្តែង ក្នុងអំឡុងពេល ៦ ខែចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ
២. ត្រូវចូលរួមក្នុងការត្រួតពិនិត្យសាវតាររូបវន្តបុគ្គលរបស់ម្ចាស់ហ៊ុន (Background Check) ដើម្បីរួមចំណែកក្នុងការ ពង្រឹងការងារប្រយុទ្ធប្រឆាំងការលាងសម្អាតប្រាក់។

ក្នុងករណីក្រុមហ៊ុនមិនបានអនុវត្តតាមលក្ខខណ្ឌ និងកាលបរិច្ឆេទកំណត់ខាងលើ នឹងត្រូវចាត់ទុកជាក្រុមហ៊ុនអកម្ម (Inactive Company) ដែលអាចប៉ះពាល់ដល់សិទ្ធិ និងស្ថានភាពរបស់ក្រុមហ៊ុនស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់ក្រុមហ៊ុនទាំងអស់ ត្រូវបំពេញកាតព្វកិច្ចផ្លូវច្បាប់តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ ឱ្យបានទាន់ពេលវេលាតាមការកំណត់។

ក្នុងករណីមានបញ្ហាបច្ចេកទេស ក្នុងការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំក្នុងប្រព័ន្ធចុះបញ្ជី សូមទំនាក់ ទំនងមកក្រុមការងារចំពោះកិច្ច តាមរយៈប្រព័ន្ធទូរសព្ទសាធារណៈក្រសួងពាណិជ្ជកម្ម លេខ ១២៦៦ (សូមចុចលេខ ២ សម្រាប់ ការងារចុះបញ្ជីពាណិជ្ជកម្ម) ដើម្បីក្រុមការងារជួយដោះស្រាយជូនបានទាន់ពេលវេលា៕