
(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីបង្ហូតទង់ជាតិកម្ពុជា និងទង់អាស៊ាន នៅមុខទីស្តីការក្រសួង ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រធានបេសកកម្មការទូតនានា តំណាងជាតិសហគមន៍សេដ្ឋកិច្ចអាស៊ាន និងតំណាងជាតិសហគមន៍សង្គម-វប្បធម៌អាស៊ាន។
នៅក្នុងពិធីនេះ ពិធីបង្ហូតទង់ជាតិកម្ពុជា និងទង់អាស៊ាន ត្រូវបានប្រារព្ធឡើងដោយមានការច្រៀងអមដោយក្រុមនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញឡើងថ្លែងសុន្ទរកថារំលេចពីសមិទ្ធផល ក៏ដូចជាការប្តេជ្ញាចិត្តរបស់កម្ពុជា នៅក្នុងគ្រួសារអាស៊ាន។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន (ASEAN) ត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ នៅទីក្រុងបាងកក ប្រទេសថៃ តាមរយៈការចុះហត្ថលេខាលើ «សេចក្តីប្រកាសអាស៊ាន» (ឬសេចក្តីថ្លែងការណ៍បាងកក) ដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសស្ថាបនិកចំនួន ៥ រួមមាន៖ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ។ អង្គការនេះបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងការថែរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់។
ចាប់តាំងពីពេលបង្កើតឡើង អាស៊ានបានពង្រីកសមាជិកភាពជាបន្តបន្ទាប់ ដោយរួមមាន ព្រុយណេ ឆ្នាំ១៩៨៤, វៀតណាម ឆ្នាំ១៩៩៥, ឡាវ និងមីយ៉ាន់ម៉ា ឆ្នាំ១៩៩៧។ ដោយឡែក ប្រទេសកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិទី១០ នៃអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។

ដើម្បីរំលឹកដល់ថ្ងៃបង្កើតសមាគមជាប្រវត្តិសាស្ត្រនេះ ប្រទេសជាសមាជិកទាំងអស់តែងតែប្រារព្ធ «ទិវាអាស៊ាន» នៅថ្ងៃទី៨ ខែសីហា ជារៀងរាល់ឆ្នាំ។ នៅក្នុងថ្ងៃនេះ បណ្តាប្រទេសសមាជិកតែងតែរៀបចំពិធីបង្ហូតទង់ជាតិ និងទង់អាស៊ាន ព្រមទាំងកម្មវិធីវប្បធម៌ និងកិច្ចប្រជុំផ្សេងៗ ដើម្បីអបអរសាទរស្មារតីសាមគ្គីភាព និងការរីកចម្រើនរួមគ្នារបស់តំបន់អាស៊ីអាគ្នេយ៍៕
































