
ខេត្តព្រះសីហនុ, ៖ ប្រជាពលរដ្ឋរងគ្រោះចំនួន ១៥ គ្រួសារ រស់នៅភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ (អតីតភូមិរាម ឃុំរាម ស្រុកព្រៃនប់) បានសម្តែងនូវក្តីរំភើប និងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី មេធាវី អ៊ុក ចិន្តា បន្ទាប់ពីសាលាដំបូងខេត្តព្រះសីហនុ បានចេញសាលក្រមជាស្ថាពរកាត់ក្តីឱ្យពួកគាត់ទទួលបានជ័យជម្នះ និងភាពយុត្តិធម៌ពេញលេញ នៅក្នុងទំនាស់ដីធ្លីរ៉ាំរ៉ៃដែលបានអូសបន្លាយអស់រយៈពេលជិត ៨ ឆ្នាំ (តាំងពីឆ្នាំ ២០១៨)។
តាមការរៀបរាប់ និងសម្តែងការដឹងគុណពីសំណាក់តំណាងប្រជាពលរដ្ឋបានឱ្យដឹងថា ការទទួលបានជ័យជម្នះផ្នែកច្បាប់ដ៏មានអត្ថន័យនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាផលនៃក្តីសង្ឃឹម ការតស៊ូក្រាញននាល និងភាពស្មោះត្រង់ឥតរវើចរវើលរបស់លោកស្រី មេធាវី អ៊ុក ចិន្តា ដែលបានឈរជើងការពារផលប្រយោជន៍ស្របច្បាប់ជូនកូនក្តីដោយមិនរាថយ ថ្វីបើត្រូវប្រឈមមុខនឹងសំណុំរឿងដ៏ស្មុគស្មាញ និងសម្ពាធជុំវិញខ្លួនយ៉ាងណាក៏ដោយ។
កត្តាឈ្នះក្តី វិជ្ជាជីវៈ សព្វថ្ងៃ និងភាពស្មោះត្រង់
នៅក្នុងលិខិតថ្លែងអំណរគុណ និងការលើកឡើងរបស់ប្រជាពលរដ្ឋ បានសង្កត់ធ្ងន់ថា លោកស្រី មេធាវី អ៊ុក ចិន្តា គឺជាគំរូមេធាវីដ៏ប្រពៃមួយរូប ដែលកំណត់តម្លៃវិជ្ជាជីវៈមិនមែនលើទ្រព្យសម្បត្តិ អំណាច ឬកេរ្តិ៍ឈ្មោះទទេស្អាតនោះឡើយ ប៉ុន្តែគឺលើ សច្ចធម៌ យុត្តិធម៌ និងការទទួលខុសត្រូវខ្ពស់ចំពោះកូនក្តី។

តំណាងប្រជាពលរដ្ឋទាំង ១៥ គ្រួសារបានលើកឡើងថា៖ ក្នុងជីវិតការងាររបស់ខ្ញុំ ខ្ញុំបានជួបមនុស្សជាច្រើន ប៉ុន្តែមនុស្សដែលខ្ញុំគោរពសរសើរបំផុត គឺជានារីមេធាវីមួយរូបដែលបានបង្ហាញឱ្យខ្ញុំឃើញថា វិជ្ជាជីវៈមេធាវី មិនមែនគ្រាន់តែជាការឈ្នះក្តីនោះទេ ប៉ុន្តែជាការការពារយុត្តិធម៌ និងការរក្សាសេចក្តីស្មោះត្រង់ នេះជាការលើកឡើងនៅក្នុងសារលិខិតរបស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋបានបន្តថា ក្នុងកំឡុងពេលជិត ៨ ឆ្នាំនៃការតស៊ូតាមផ្លូវតុលាការ លោកស្រីមេធាវីបានផ្តល់កក់ក្តៅ និងភាពស្ងប់ចិត្តដល់កូនក្តីក្រីក្រ ដោយធានាថាកូនក្តីគ្រប់រូបមានសិទ្ធិទទួលបានការការពារដោយសមភាព និងការគោរពដូចៗគ្នា ដោយមិនរើសអើង។
តំណាងប្រជាពលរដ្ឋដដែល បានបន្តថា៖ និមិត្តរូបនៃក្តីសង្ឃឹមក្នុងប្រព័ន្ធយុត្តិធម៌
ការចេញសាលក្រមជាស្ថាពរពីសាលាដំបូងខេត្តព្រះសីហនុ នាពេលថ្មីៗនេះ មិនត្រឹមតែជាការបញ្ចប់ទុក្ខវេទនារបស់ប្រជាពលរដ្ឋ ១៥ គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស័ក្សីភាពបង្ហាញពីដំណើរការស្វែងរកយុត្តិធម៌តាមនីតិវិធីតុលាការ និងជាការលើកកម្ពស់ជំនឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជាផងដែរ។
តំណាងប្រជាពលរដ្ឋតំណាងប្រជាពលរដ្ឋដដែលនោះ បានសន្និដ្ឋានដោយក្ដីរំភើបថា៖
យុត្តិធម៌ប្រហែលជាមកដល់យឺត ប៉ុន្តែដរាបណានៅមានអ្នកការពារដោយស្មោះត្រង់ ក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋនឹងមិនរលត់ឡើយ។
កេរ្តិ៍ឈ្មោះរបស់មេធាវីពិតប្រាកដ មិនមែនកសាងឡើងដោយពាក្យសរសើរខ្លួនឯងនោះទេ ប៉ុន្តែត្រូវ បានកសាងឡើងដោយទំនុកចិត្តរបស់កូនក្តី ផលវិជ្ជមាននៃភារកិច្ច និងការបម្រើយុត្តិធម៌ដោយបេះដូងស្មោះត្រង់ ហើយនេះជាអ្វីដែលលោកស្រី មេធាវី អ៊ុក ចិន្តា បានបន្សល់ទុកជាគំរូក្នុងសំណុំរឿងដីធ្លីនៅភូមិស្មាច់ដែងនាពេលនេះ៕ ដោយ នីណា ញូស៍






























