រុស្ស៊ីអនុញ្ញាតឱ្យនាវាចិន ៧គ្រឿង ធ្វើដំណើរទៅអឺរ៉ុបតាមផ្លូវសមុទ្រអាកទិក ចំពេលមានវិបត្តិនៅមជ្ឈិមបូព៌ា

(ម៉ូស្គូ)៖ ក្រុមហ៊ុនថាមពលនុយក្លេអ៊ែររដ្ឋរុស្ស៊ី Rosatom បានសម្រេចអនុញ្ញាតឱ្យនាវាដឹកទំនិញរបស់ចិនចំនួន ៧គ្រឿង ធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុបតាមផ្លូវនាវាចរណ៍ប៉ូលខាងជើង (NSR – Northern Sea Route) ឆ្លងកាត់តំបន់អាកទិក។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។

ប្រធានក្រុមហ៊ុន Rosatom លោក អាឡិចស៊ី លីខាឆេវ (Alexei Likhachev) បានឱ្យដឹងថា ក្រុមហ៊ុនចិន Sea Legend Shipping គ្រោងចាប់ផ្តើមសេវាកម្មដឹកជញ្ជូនជាទៀងទាត់ជារៀងរាល់សប្តាហ៍ទៅកាន់អឺរ៉ុបតាមផ្លូវសមុទ្រខាងជើងនេះ ដែលវាខុសប្លែកស្រឡះពីការដឹកជញ្ជូនសាកល្បង ឬម្តងម្កាលកាលពីពេលមុនៗ។

គួរបញ្ជាក់ថា​ ទោះបីជារុស្ស៊ីធ្លាប់ជួបការលំបាកក្នុងការប្រែក្លាយផ្លូវទឹកអាកទិកនេះ ឱ្យទៅជាព្រែកជីកស៊ុយអេ (Suez Canal) ថ្មី ដោយសារបញ្ហាទឹកកក និងតម្លៃដឹកជញ្ជូនខ្ពស់ក្តី ប៉ុន្តែបច្ចុប្បន្នវាបានក្លាយជាច្រកផ្លូវយុទ្ធសាស្ត្រដ៏សំខាន់។ ការណ៍នេះកើតឡើងដោយសារតែការកើនឡើងកម្តៅនៃវិបត្តិនៅឈូងសមុទ្រពែក្ស និងការបិទច្រកសមុទ្រហ័រមូស កំពុងបង្កភាពមិនច្បាស់លាស់ដល់វិស័យដឹកជញ្ជូនសកលលោកទាំងមូល៕