ការវាយប្រហាររបស់រុស្ស៉ី សម្លាប់មនុស្ស ៣នាក់ ក្នុងតំបន់រដ្ឋធានីកៀវ

(កៀវ)៖ មន្ត្រីយោធាអ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ ថាការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ីបានសម្លាប់មនុស្ស ៣នាក់ ក្នុងនោះរួមមានកុមារម្នាក់ ក្នុងស្រុកមួយស្ថិតនៅភាគឦសាននៃរដ្ឋធានីកៀវ ខណៈមានការព្រមានពីការវាយប្រហារដោយមីស៊ីលបាលិស្ទីគ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ជាការវាយប្រហារឆ្លងដែនសងសឹកដាក់គ្នាទៅវិញទៅមក ទីក្រុងមូស្គូបាន និងកំពុងបង្កើនការវាយប្រហារលើរដ្ឋធានីរបស់អ៊ុយក្រែន ក្នុងពេលប៉ុន្មានខែថ្មីៗនេះដោយប្រើប្រាស់មីស៊ីលបាលិស្ទីគ ដែលពិបាកនឹងស្ទាក់ចាប់។ លោក Tymur Tkachenko ជាប្រធានរដ្ឋបាលយោធាប្រចាំតំបន់ បានឱ្យដឹងថាមនុស្ស ៣នាក់ ក្នុងនោះមានកុមារម្នាក់ត្រូវបានសម្លាប់ និង៣នាក់ផ្សេងទៀត បានរងរបួស ក្នុងការវាយប្រហារលើស្រុក Brovary ស្ថិតនៅភាគឦសានរដ្ឋធានីកៀវ។ លោកបន្ថែមថាបំណែកកម្ទេចកម្ទីដែលបានធ្លាក់ចេញពីការវាយប្រហារបានបណ្ដាលឱ្យផ្ទះ និងយានយន្ដ រងការខូចខាត ព្រមទាំងបង្កឱ្យមានអគ្គិភ័យឆាបឆេះអគារមួយគ្មានមនុស្សរស់នៅ។

នៅក្នុងរដ្ឋធានីកៀវផងដែរ អ្នករាយការណ៍ម្នាក់របស់ AFP បានឮសូរសំឡេងផ្ទុះជាច្រើន ខណៈកងកម្លាំងការពារដែនអាកាសអ៊ុយក្រែន បានព្រមានការវាយប្រហារដោយមីស៊ីលបាលិស្ទីគ ចេញពីភាគខាងជើង៕