
៖នាថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបាន និងកំពុងបន្តបេសកកម្មយ៉ាងសកម្មលើការងារថែទាំជាប្រចាំ លើកំណាត់ផ្លូវជាតិលេខ ៩៤ (ប្រភេទផ្លូវក្រាលដីល្បាយថ្ម) ដែលមានប្រវែងសរុប ៥៤,៩ គីឡូម៉ែត្រ ចាប់ពីចំណុចឬស្សីត្រឹប រហូតដល់កំពង់ស្រឡៅ (ព្រំដែនកម្ពុជា-ឡាវ)។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សូមសម្តែងនូវការសោកស្តាយ និងសូមខន្តីអភ័យទោសយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែនេះ។
កន្លងមក ដោយសារកត្តាអាកាសធាតុមានភ្លៀងធ្លាក់ជោកជាំជាបន្តបន្ទាប់ បានធ្វើឱ្យផ្លូវមានការខូចខាត និងបង្កជាផលលំបាកដល់ការធ្វើដំណើរតាមដងផ្លូវនៅតាមផ្នែកមួយចំនួន។ ស្ថានភាពអាកាសធាតុបែបនេះ ក៏បានរារាំងដល់ក្រុមការងារបច្ចេកទេស មិនអាចចុះកៀរសម្រួលផ្លូវបានភ្លាមៗផងដែរ។

រហូតមកដល់ថ្ងៃនេះ អាកាសធាតុចាប់ផ្តើមអំណោយផល ក្រុមការងារបានខិតខំពន្លឿនការងារកៀរសម្រួល និងកិនបង្ហាប់ឡើងវិញ ដោយសម្រេចបានប្រវែង ៤ គីឡូម៉ែត្រ។
ទន្ទឹមនឹងនេះ ប្រសិនបើនៅថ្ងៃខាងមុខមានភ្លៀងធ្លាក់ខ្លាំងបន្តទៀត ក្រុមការងារអាចនឹងផ្អាកសកម្មភាពបណ្តោះអាសន្ន ដើម្បីការពារគុណភាពផ្លូវ និងសុវត្ថិភាពបច្ចេកទេស។ អាស្រ័យហេតុនេះ សូមពុកម៉ែបងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងយោគយល់អធ្យាស្រ័យដោយក្តីអនុគ្រោះ។ដោយសួនពិសិត




































