លោក ហ្សេឡេនស្គី ត្រៀមបំពេញទស្សនកិច្ចជាលើកដំបូងនៅស៊ែប៊ី ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៊ី

(ប៊ែលហ្គ្រាដ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងនៅប្រទេសស៊ែប៊ី (Serbia) នាថ្ងៃសៅរ៍ខាងមុខនេះ ដែលជាប្រទេសមួយក្នុងចំណោមប្រទេសអឺរ៉ុបតិចតួច ដែលនៅតែរក្សាទំនាក់ទំនងមិត្តភាពយ៉ាងស្អិតរមួតជាមួយរុស្ស៊ី បើទោះជាមានសង្គ្រាមឈ្លានពានក៏ដោយ។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។

ការិយាល័យរបស់ប្រធានាធិបតីស៊ែប៊ី លោក អាឡិចសាន់ឌឺ វូឈីក (Aleksandar Vucic) បានប្រកាសពីដំណើរទស្សនកិច្ចនេះ ស្របពេលដែលលោកកំពុងព្យាយាមរក្សាតុល្យភាពរវាងទំនាក់ទំនងប្រពៃណីជាមួយវិមានក្រឹមឡាំង និងសម្ពាធពីសហភាពអឺរ៉ុប។ កន្លងមក លោក វូឈីក បានបដិសេធមិនចូលរួមក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ីឡើយ ដោយលើកឡើងពីចំណងប្រវត្តិសាស្ត្រ និងការពឹងផ្អែកស្ទើរទាំងស្រុងលើថាមពលរបស់រុស្ស៊ី។ ទោះជាយ៉ាងណា ស៊ែប៊ីបានផ្តល់ជំនួយមនុស្សធម៌ដល់អ៊ុយក្រែន ព្រមទាំងរងការចោទប្រកាន់ពីរុស្ស៊ីថាបានលួចនាំចេញអាវុធទៅឱ្យអ៊ុយក្រែនតាមរយៈប្រទេសសមាជិកណាតូ (NATO) ដែលមូស្គូចាត់ទុកជាទង្វើ «ចាក់ពីក្រោយខ្នង»។

ក្រុមអ្នកវិភាគយល់ឃើញថា ជំនួបនេះផ្តល់ផលប្រយោជន៍នយោបាយដល់មេដឹកនាំទាំងសងខាង ដោយលោក ហ្សេឡេនស្គី ចង់ផ្ញើសារទៅកាន់រុស្ស៊ីថាលោកអាចអូសទាញសម្ព័ន្ធមិត្តរបស់រុស្ស៊ីនៅតំបន់បាល់កង់ (Balkans) បាន ខណៈលោក វូឈីក ចង់បង្ហាញសញ្ញាទៅកាន់ទីក្រុងព្រុចសែល (Brussels) ថាខ្លួនគាំទ្រជំហររបស់ EU លើបញ្ហាសង្គ្រាម ដើម្បីស្រោចស្រង់ដំណើរការចូលជាសមាជិក EU ដែលកំពុងជាប់គាំង ព្រមទាំងដើម្បីស្តារប្រជាប្រិយភាពក្នុងស្រុកឡើងវិញ ក្រោយរងការតវ៉ាប្រឆាំងរដ្ឋាភិបាលយ៉ាងខ្លាំងក្លា ចាប់តាំងពីមានសោកនាដកម្មបាក់ស្រុតស្ថានីយរថភ្លើងកាលពីចុងឆ្នាំ២០២៤ កន្លងទៅ៕