អតីតយុទ្ធជនពិការ ដោយសារសង្គ្រាម នៅខេត្តកំពង់ធំ សូមគោរពថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានជួយដោះស្រាយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ជូនគាត់ដែលកំពុងមានការខ្វះខាតបានទាន់ពេលវេលា

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូនបងប្អូនអតីតយុទ្ធជនពិការ ដោយសារសង្គ្រាម ដែលកំពុងមានជីវភាពលំបាកខ្វះខាត ចំនួន ៥គ្រួសារ  ស្ថិតនៅក្នុងសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ ដែលជានិច្ចកាល សម្ដេច ឯកឧត្តម និងលោកជំទាវ តែងតែប្រគល់ភារកិច្ចដល់គណៈកម្មាធិការសមាគមអតីតយុទ្ធជននៅគ្រប់ថ្នាក់ ត្រូវជួយមើលថែទាំពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងវិវត្តជន ឲ្យបានល្អប្រសើរ និងបានសូមជូនពរដល់បងប្អូនទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អ អាយុយឺនយូរ និងពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។

លោក ថោង ធីម តំណាងអតីតយុទ្ធជនពិការ ដោយសារសង្គ្រាម ស៊ីវិលនៅកម្ពុជា ទាំង៥ គ្រួសារ បានថ្លែងនូវការគោរពដឹងគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ ។ ជាក់ស្ដែងនៅខេត្តកំពង់ធំ តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ សម្ដេចលោកបានចាត់ចែងសាងសង់ផ្ទះសម្បែង ផ្ដល់សម្បទានដីសង្គមកិច្ច និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគជាបន្តបន្ទាប់ជូនដល់អតីតយុទ្ធជននៅគ្រប់មូលដ្ឋានក្នុងខេត្តកំពង់ធំ។ បងប្អូនអតីតយុទ្ធជនពិតជាមិនអាចបំភ្លេចគុណូបរៈដ៏ធំធេងនេះបានឡើយ​ហើយ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​អតីតយុទ្ធជនពិការទាំង៥គ្រួសារនេះ បានទទួលផ្ទះអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ រួចហើយដែរ ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៍បានប្រគល់ជូននៅស្បៀងអាហារគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់អតីតយុទ្ធជនពិការ ដោយសារសង្គ្រាមទាំង៥ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥ គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ ត្រីខកំប៉ុងចំនួនមួយយួរ​ និងថវិកា​ជូន​គ្រួសារ​អតីត​យុទ្ធ​ជន​ពិការ​ដែល​ស្វាមី​របស់​គាត់​កំពុង​មាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ពេទ្យ​បង្អែក​ខេត្ត​ កំពង់​ធំ​ ផងដែរ៕