
(កំពង់ធំ )៖ អភិបាលស្រុកស្ទោង ផ្ដល់អនុសាសន៍ល្អៗជាច្រើនចំណុចដល់បេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ
លោក សាយ គឹមឡម បានផ្ដល់អនុសាសន៍ទាំងនេះក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខលើកទឹកចិត្តបេក្ខជន និងអាណាព្យាបាល ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មកពីឃុំកំពង់ចិនត្បូងជាង១០០នាក់ នៅអគាររដ្ឋបាលស្រុកស្ទោង។
លោកបានសង្កត់ធ្ងន់ថាមដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តមថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ និងឯកឧត្តម ប៉ុញ សច្ចៈ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំកំពង់ចិនត្បូង លើសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសយុវជនជាបេក្ខជនដែលកំពុងត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០-១១ ខែសីហាខាងមុខនេះ ឯកឧត្តមប្រធានបានផ្តាំផ្ញើការសួរសុខទុក្ខ និងលើកទឹកចិត្ត ឱ្យប្អូនៗកូនក្មួយត្រៀមខ្លួន និងផ្ចង់ស្មារតីក៏ដូចជាថែទាំសុខភាពឱ្យបានរឹងមាំល្អប្រសើរក្នុងការចូលប្រឡង ដើម្បីទទួលបាននូវលទ្ធផល និងនិទ្ទសល្អប្រសើរគ្រប់ៗគ្នា។

លោកបន្ថែមថាក្នុងនាមជាបេក្ខជន និងជាអ្នកដែលត្រៀមចូលរៀនមហាវិទ្យាល័យឯកទេសសូមផ្ចង់ស្មារតីនិងមានទស្សនៈវែងឆ្ងាយ ចូលរៀនទៅតាមចំណង់ចំណូលចិត្ត ឧបនិស្ស័យនិងស្របតាមបរិបទសង្គម និងវិទ្យាសាស្ត្រឌីជីថល ក្នុងយុគសម័យដ៏ទំនើបនេះ និងទីផ្សារពលកម្ម។
ជាមួយគ្នានេះលោក សាយ គឹមឡម បានណែនាំដល់កូនក្មួយជាបេក្ខជនគ្រប់រូប ត្រូវធ្វើដំណើរទៅកាន់ទីរួមខេត្តកំពង់ធំ ឬទៅមណ្ឌលប្រឡងដោយស្មារតី និងការយោគយល់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានានូវសុវត្ថិភាពផ្ទាល់ខ្លួន និងត្រៀមខ្លួនចូលប្រឡង ប្រកបដោយភាពជឿជាក់ខ្ពស់។
លើសពីនេះ លោកបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ថោ ជែដ្ឋា និងឯកឧត្តម ប៉ុញ សច្ចៈ ដែលបាននិងតែងតែគិតគូរយកចិត្តទុកដាក់ដល់ សុខទុក្ខ សុខុមាលភាព ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងក៏ដូចជានៅក្នុងឃុំកំពង់ចិនត្បូងទាំងមូល។

លើសពីនេះទៀតបេក្ខជនគ្រប់រូបបានសំដែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តមប្រធានក្រុមការងារ ដែលបានឧបត្ថម្ភគាំទ្រលើកទឹកចិត្ត និងថវិកាដល់ប្អូនៗក្នុងការត្រៀមប្រលងនៅក្នុងឱកាសនេះ ជូនពរដល់ឯកឧត្តមប្រធានក្រុមការងារ ទទួលបានជ័យជំនះថ្មីៗថែមទៀត។
សូមបញ្ជាក់ថា ការជួបសំណេះស្មាលនៅក្នុងឱកាសនេះមានបេក្ខជនចំនួន ១២៦នាក់ ក្នុងនោះឯកឧត្តម ប៉ុញ សច្ចៈ បានឧបត្ថម្ភគាំទ្រលើកទឹកចិត្តក្នុង១នាក់ចំនួន៥ម៉ឺនរៀល ដោយឡែករដ្ឋបាលឃុំបានឧបត្ថម្ភបេក្ខជនស្វ័យរិនចំនួន១១នាក់ក្នុង១នាក់ចំនួន៥ម៉ឺនរៀល ហើយលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានឧបត្ថម្ភបន្ថែមដល់បេក្ខជនសិស្សក្រីក្រចំនួន ១១នាក់ក្នុង១នាក់ចំនួន ៥ម៉ឺនរៀលថែមទៀតផងដែរ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង



































