អាជ្ញាធរខេត្តព្រះវិហារ បង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំក្នុងដែន ជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ឃាត់ខ្លួនជនសង្ស័យ និងរឹបអូសវត្ថុតាងជាច្រើន

ខេត្តព្រះវិហារ ៖ កម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ សហការជាមួយសហគមន៍មូលដ្ឋាន បានចុះល្បាត និងបង្ក្រាបបទល្មើសធនធានធម្មជាតិធំៗចំនួន ២ករណី ក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ព្រមទាំងរឹបអូសឈើប្រណីត គ្រឿងចក្រ និងអាវុធកែច្នៃមួយចំនួន។
លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានឱ្យដឹងថា៖ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ កម្លាំងមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការភ្នំត្នោត-ភ្នំពក ចំនួន ០៤នាក់ ដោយមានការចូលរួមពីកម្លាំងសហគមន៍ភ្នំត្នោត ចំនួន ០៦នាក់ បានបើកប្រតិបត្តិការល្បាតយ៉ាងក្តៅគគុកនៅក្នុងភូមិសាស្ត្រ ចំណុចជាំធំ ស្ថិតក្នុងភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
ប្រតិបត្តិការនេះសម្រេចបានលទ្ធផលសំខាន់ៗដូចខាងក្រោម៖

ករណីទី១៖ វេលាម៉ោង ១៤:៤៤នាទីរសៀល កម្លាំងជំនាញបានចុះបង្ក្រាបត្រង់ចំណុចនិយាមកា (៤៥៣៩៧៥-១៤៩៨៣៩៧៥) ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឯបក្សពួក ០៤នាក់ទៀតបានរត់គេចខ្លួនចូលព្រៃ។

វត្ថុតាងដែលរឹបអូសបានរួមមាន គោយន្តកន្ត្រៃ ២គ្រឿង និងឈើមូល ប្រភេទរាំង និងឥន្ទនេល ប្រវែង ៣ម៉ែត្រ មុខកាត់ ១៥ស.ម ចំនួន ២៧ដុំ។

ករណីទី២ ៖ វេលាម៉ោង ១៩:១៣នាទីយប់ស្ថិតនៅចំណុចនិយាមកា (៤៥៤៦៩៨-១៤៩៩៩០៤) សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបន្ថែម ០១នាក់ទៀត (បក្សពួក ០២នាក់រត់គេចខ្លួន) ខណៈពេលកំពុងធ្វើសកម្មភាពជួសជុលគោយន្តកន្ត្រៃដឹកឈើ។ វត្ថុតាងចាប់យកបានរួមមាន ម៉ូតូហុងដាឌ្រីម (សេរី២០១៥) ០១គ្រឿង, ទូរស័ព្ទដៃ ០១គ្រឿង, អាវុធកែច្នៃ (កាប៊ិន) ១ដើម ព្រមទាំងឈើប្រណីតប្រភេទធ្នង់ និងសុក្រម សរុបចំនួន ៦.៥ ម៉ែត្រគូប។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ព្រមទាំងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅរក្សាទុកជាបណ្តោះអាសន្ននៅស្នាក់ការថ្មគ្រោង ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារ ចាត់ការតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់។

ជាចុងក្រោយ តំណាងមន្ទីរបរិស្ថានខេត្តព្រះវិហារ ក៏បានចេញសារអំពាវនាវយ៉ាងទទូច និងព្រមានយ៉ាងម៉ឺងម៉ាត់ដល់ក្រុមជនខិលខូច ឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពកាប់បំផ្លាញ ការរាប់រង និងការទន្ទ្រានកាន់កាប់ដីព្រៃឈើខុសច្បាប់។ ទង្វើទាំងនេះ មិនត្រឹមតែជាអំពើល្មើសច្បាប់ធ្ងន់ធ្ងរដែលត្រូវប្រឈមមុខនឹងទោសទណ្ឌតាមផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញដល់ប្រព័ន្ធអេកូឡូស៊ី ជម្រកសត្វព្រៃ និងធនធានធម្មជាតិរបស់ជាតិទាំងមូលផងដែរ។ អាជ្ញាធរមានសមត្ថកិច្ចនឹងបន្តបង្រ្កាបដោយគ្មានការលើកលែងឡើយ ដើម្បីការពារបេតិកភណ្ឌធម្មជាតិឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕ដោយ សួន ពិសិត