
ខេត្តព្រះវិហារ ៖លោកជំទាវ និង ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ នេះ បានដឹកនាំប្រតិភូរដ្ឋបាលខេត្ត អញ្ជើញនាំយកទេយ្យវត្ថុ ទានចំណាំព្រះវស្សា និងបច្ច័យ ទៅប្រគេនព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តព្រះពុទ្ធមានជ័យ (ហៅវត្តប៉ាលហាល) ស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដើម្បីចូលរួមទ្រទ្រង់វិស័យព្រះពុទ្ធសាសនា និងថែរក្សាប្រពៃណីទំនៀមទម្លាប់ជាតិ។

ពិធីប្រគេនទានវស្សានេះ ត្រូវបានរៀបចំឡើងយ៉ាងកអឹកកអកទៅតាមគន្លងព្រះពុទ្ធសាសនា ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។ ទេយ្យវត្ថុ និងបច្ច័យដែលបាននាំយកទៅប្រគេននាឱកាសនោះ រួមមានទានចំណាំព្រះវស្សា គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ព្រមទាំងបច្ច័យមួយចំនួន ដើម្បីសម្រួលដល់ការសិក្សារៀនសូត្រ និងការបដិបត្តិធម៌វិន័យរបស់ព្រះសង្ឃពេញមួយត្រីមាសក្នុងរដូវវស្សានេះ។
នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានសម្តែងនូវការគោរពនិងជ្រះថ្លាយ៉ាងជ្រាលជ្រៅចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ដែលតែងតែបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សីលធម៌សង្គម និងការងារមនុស្សធម៌។ ឯកឧត្តមបានគូសបញ្ជាក់ថា វិស័យពុទ្ធចក្រនិងអាណាចក្រត្រូវដើរទន្ទឹមគ្នា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិឱ្យមានសុខសន្តិភាព និងភាពស្ដុកស្ដម្ភ។

គួរបញ្ជាក់ថា ពិធីចូលវស្សាគឺជាពិធីបុណ្យផ្លូវការមួយយ៉ាងសំខាន់នៅក្នុងព្រះពុទ្ធសាសនា ដែលព្រះសង្ឃគ្រប់ព្រះអង្គត្រូវគង់ចាំព្រះវស្សានៅក្នុងវត្តអារាមរយៈពេល៣ខែ (ចាប់ពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ) ដោយមិននិមន្តទៅសម្រេចភារកិច្ចឆ្ងាយឆ្លងកាត់រាត្រីឡើយ។ ការនាំយកទេយ្យវត្ថុ និងទានចំណាំព្រះវស្សាមកប្រគេននាពេលនេះ គឺជាការបង្ហាញពីទឹកចិត្តជ្រះថ្លារបស់រដ្ឋបាលខេត្តក្នុងការចូលរួមទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យបានស្ថិតស្ថេរចេរកាលតទៅ។ ដោយ សួន ពិសិត




































