
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានរៀបចំពិធីបំពាក់ឋានន្តរសក្តិ ជូនយោធិនជានាយទាហានរង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការទឹករងកំពង់ធំ និងមេបញ្ជាការតាមបណ្ដាលកងឯកភាព និងស្ថាប័នចំណុះ បានអញ្ជើញចូលរួមផងដែរ។
លោកវរសេនីយ៍ទោ ស៊ុន សាម៉ុន នាយកាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសេចក្ដីសម្រេច ស្ដីពីការបំពាក់ឋានន្តរសក្តិ ដែលបានសម្រេចតាមឋានានុក្រមក្នុងនោះ ថ្នាក់ព្រិន្ទបាលឯក ចំនួន ២ នាក់ ថ្នាក់ព្រិន្ទបាលទោ ចំនួន ១៥ នាក់ ថ្នាក់ពលបាលឯក ចំនួន ១៩ នាក់ ថ្នាក់ពលបាលទោ ចំនួន ៤នាក់ ថ្នាក់ពលបាលត្រី ចំនួន ៦ នាក់ សរុបមានចំនួន ៤៦នាក់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លៃងនូវការគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិទី៤ និងឯកឧត្តមអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលបានផ្ដល់សេចក្ដីទុកចិត្ត សម្រេចដំឡើងឋានន្តរសក្តិជូនដល់យោធិនជានាយទាហានរងចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលគ្រប់លក្ខខណ្ឌត្រូវបានដំឡើងឋានន្តរសក្តិ ហើយដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចស្របតាមលក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការអបអរសាទរ ចំពោះការទទួលបាននូវឋានន្តរសក្ដិថ្មីនេះ និងបានណែនាំដល់យោធិន ដែលត្រូវបានថ្នាក់ដឹកនាំគ្រប់ថ្នាក់សម្រេចផ្ដល់ទំនុកចិត្ត តំឡេីងឋាន្តរស័ក្តនៅពេលនេះ ត្រូវបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមបទបញ្ជា និងការណែនាំរបស់មេបញ្ជាការកងឯកភាព តាមឋានានុក្រម ឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ។ ជាមួយនោះ ដែរយោធិនគ្រប់រូប ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ។ ត្រូវចូលរួមជាមួយកងយោធពលខេមរភូមិន្ទនៅគ្រប់បណ្ដាអង្គភាព ការពារឱ្យបានបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយេីង ហើយត្រូវចូលរួមយ៉ាងសកម្មក្នុងការកំណែទម្រង់កងយោធពលខេមរភូមិន្ទ ឲ្យទទួលបានជោគជ័យ៕




































