(ហ្ស៊េរុយសាឡឹម)៖ អតីតប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Mossad របស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃអង្គារ បានទម្លាយឱ្យដឹងថា ក្រុមចារកម្មរបស់ខ្លួនធ្លាប់បានលួចចូលទៅដល់ទីតាំងនុយក្លេអ៊ែរ Fordow របស់ប្រទេសអ៊ីរ៉ង់ «ជាច្រើនលើកច្រើនសារ» ដើម្បីស្វែងយល់ពីទីតាំងនេះ។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។

លោក យ៉ូស៊ី កូហេន (Yossi Cohen) ដែលដឹកនាំស្ថាប័ន Mossad ចន្លោះឆ្នាំ២០១៥ ដល់ ២០២១ បានថ្លែងយ៉ាងដូច្នេះថា៖ «យើងធ្លាប់បានចុះល្បាតនៅទីតាំងនុយក្លេអ៊ែរ Fordow ជាច្រើនលើក។ ការដែលអាមេរិកទម្លាក់គ្រាប់បែកកម្ទេចទីតាំងនេះ គឺជាការសម្រេចក្តីសុបិនរបស់ខ្ញុំទាំងអស់»។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់នៃការចុះប្រតិបត្តិការសម្ងាត់នេះឡើយ។
គួររំលឹកថា កាលពីខែមិថុនា ឆ្នាំមុន អ៊ីស្រាអែលបានបើកសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងគោលដៅកម្ទេចកម្មវិធីនុយក្លេអ៊ែរដែលខ្លួនចាត់ទុកថាជា «ការគំរាមកំហែងដល់ការរស់រានមានជីវិត»។ ក្នុងជម្លោះរយៈពេល ១២ថ្ងៃនោះ យោធាអាមេរិកក៏បានចូលរួមទម្លាក់គ្រាប់បែកលើរោងចក្រនុយក្លេអ៊ែរចំនួន ៣ របស់អ៊ីរ៉ង់ រួមមាន Fordow, Natanz និង Isfahan ផងដែរ។
គួរបញ្ជាក់ថា លោក កូហេន គឺជាមនុស្សជំនិតរបស់នាយករដ្ឋមន្ត្រី បេនចាមីន នេតាន់យ៉ាហ៊ូ និងធ្លាប់ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចកិច្ចព្រមព្រៀងប្រក្រតីភាពទំនាក់ទំនង (Abraham Accords) រវាងអ៊ីស្រាអែល និងបណ្តាប្រទេសអារ៉ាប់។ លើសពីនេះ លោកក៏ត្រូវបានគេសង្ស័យថាជាអ្នកនៅពីក្រោយការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំ២០២០ ផងដែរ៕





























