ប្រេងឆៅ Brent ឡើងថ្លៃដល់ជិត ៩០ដុល្លារក្នុងមួយបារ៉ែល ខណៈមន្ទិលសង្ស័យជុំវិញកិច្ចព្រមព្រៀងរវាងអាមេរិក ជាមួយអ៉ីរ៉ង់ បង្កក្តីបារម្ភជាថ្មី

(Reuters)៖ តម្លៃប្រេងឆៅបានកើនឡើង នាថ្ងៃពុធ ទី១២ ខែសីហានេះ ដោយសារតែមន្ទិលសង្ស័យ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិកជាមួយអ៉ីរ៉ង់ ព្រមទាំងការវាយប្រហារលើនាវា ២គ្រឿង បានបង្កើនក្តីបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ប្រេងក្នុងតំបន់មជ្ឈិមបូព៌ា ទោះបីជាទិន្នន័យក្នុងវិស័យនេះ បង្ហាញថាបរិមាណស្តុកប្រេងឆៅរបស់អាមេរិក មានការកើនឡើងក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រេងឆៅប្រភេទ Brent មានតម្លៃ ៨៩,៦៣ដុល្លារក្នុងមួយបារ៉ែល រីឯប្រេងឆៅអាមេរិក West Texas Intermediate មានតម្លៃ ៨៣,៩១ដុល្លារក្នុងមួយបារ៉ែល។ ប្រៀបធៀបនឹងថ្ងៃអង្គារ តម្លៃប្រេងទាំងពីរនេះ បានកើនជាង ១ដុល្លារទៀត។

សហរដ្ឋអាមេរិក និងក្រុមហ៊ូទីគាំទ្រអ៉ីរ៉ង់មានមូលដ្ឋាននៅយេម៉ែន បានរាយការណ៍ពីករណីវាយប្រហារ លើនាវាដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz និងច្រក Bab el-Mandeb នៃសមុទ្រក្រហម នៅថ្ងៃអង្គារ។ លោក Mohsen Rezaei មន្ត្រីសន្តិសុខជាន់ខ្ពស់របស់អ៉ីរ៉ង់ បាននិយាយថាច្រកសមុទ្រ Hormuz នឹងនៅតែបិទ ប្រសិនបើអាមេរិកមិនព្រមទទួលយកលក្ខខណ្ឌរបស់អ៉ីរ៉ង់ សម្រាប់ការបញ្ចប់សង្គ្រាម ដែលរួមមាន ការព្រលែងទ្រព្យសម្បត្តិរបស់អ៉ីរ៉ង់ដែលត្រូវបានបង្កក និងការបញ្ចប់ជម្លោះផ្សេងទៀតក្នុងតំបន់៕