
ខេត្តក្រចេះ៖ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី រួមជាមួយ ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ (តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត) បានអញ្ជើញជាអធិបតីក្នុង វេទិកាសាធារណៈ ដើម្បីពិភាក្សា សំណេះសំណាល និងដោះស្រាយបញ្ហាប្រឈមផ្ទាល់ដីជូនប្រជាពលរដ្ឋ នៅបរិវេណវត្តអន្ទង់វៀន ភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។
វេទិកាសាធារណៈនេះ ធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ ព្រមទាំងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបើកឱកាសឱ្យប្រជាពលរដ្ឋសម្តែងមតិ កង្វល់ និងសំណូមពរផ្សេងៗ ដើម្បីអាជ្ញាធរ និងក្រុមការងារពាក់ព័ន្ធប្រមូលព័ត៌មាន និងចាត់វិធានការដោះស្រាយជូនបានទាន់ពេលវេលា។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ប្រធាន-អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ លោកអភិបាលស្រុក ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អាជ្ញាធរឃុំ មន្ត្រីរាជការ គ្រូពេទ្យ លោកគ្រូ-អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ២៧៩នាក់ (ស្រ្តី ១៣៤នាក់)។
ជាលទ្ធផល នៅក្នុងជំនួបពិភាក្សាដោយផ្ទាល់ និងប្រកបដោយបរិយាកាសស្និទ្ធស្នាលនេះ បញ្ហាប្រឈម និងសំណូមពរចំនួន ៦ករណី ត្រូវបានអាជ្ញាធរ និងក្រុមការងារធ្វើការសម្របសម្រួលដោះស្រាយបញ្ចប់ជូនប្រជាពលរដ្ឋភ្លាមៗនៅនឹងកន្លែង ខណៈបញ្ហា និងសំណូមពរមួយចំនួនទៀត ត្រូវបានទទួលយកដើម្បីបន្តនីតិវិធីដោះស្រាយតាមជំនាញ និងពេលវេលាសមស្របនាពេលខាងមុខ៕ដោយ ឯកឧត្តមបណ្ឌិត ឌីម សុខុន










































