
(កំពង់ធំ)÷ មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានសហការជាមួយនាយកដ្ឋានស្រ្តី និងសុខភាព នៃក្រសួងកិច្ចការនារី មន្ទីរសុខាភិបាលខេត្ត អជ្ញាធរមូលដ្ឋានស្រុក/ឃុំ ភូមិ មណ្ឌលសុខភាព ក្រោមការឧបត្ថម្ភគំាទ្រពីអង្គការមូលនិធិហ្វ្រេដហូឡូ បានរៀបចំវេទិការអប់រំផ្សព្វផ្សាយស្តីពី យេនឌ័រ សុខភាពភ្នែក ការពិនិត្យ និងព្យាបាលភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងសហគមន៍ នៅវត្តក្របៅ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ក្រោមអធិបតីភាពលោកស្រី ស៊ូ ផារិន អនុប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំ ជាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។
កម្មវិធីនេះផងដែរក៍មានការចូលរួមពីលោកស្រីអភិបាលរងស្រុកប្រាសាទបល្ល័ង្ក លោកស្រីមកពីក្រសួងកិច្ចការនារី លោក-លោស្រីតំណាងមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ មន្រ្តីមន្ទីរកិច្ចការនារីខេត្ត អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកប្រាសាទបល្ល័ង្ក លោកប្រធានមណ្ឌលសុខភាពឃុំដូង លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ/អនុភូមិ សមាជិកភូមិ និងប្រជាពលរដ្ឋសរុប២៤៨នាក់ ស្រី១៥៩នាក់ផងដែរ។

វេទិកាអប់រំផ្សព្វផ្សាយនេះក្នុងគោលបំណង ផ្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់ពីយេនឌ័រ និងសុខភាពភ្នែក ការទទួលបានការពិនិត្យភ្នែក នៅនឹងកន្លែងនៅក្នុងសហគមន៍ ព្រមទាំងបានធ្វើការបញ្ជូនទៅទទួលការព្យាបាលភ្នែក ដូចជាការបកបាយភ្នែក ការបកកន្ទុយថ្លែនភ្នែក និងជំងឺភ្នែកផ្សេងៗទៀតដោយឥតគិតថ្លៃ។
ក្នុងឱកាសនេះដែរលោកស្រី ស៊ូ ផារិន អនុប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានលើកឡើងពីផ្នត់គំនិតយេនឌ័រ និងតួនាទីបុរស និងស្រ្តី នៅក្នុងសង្គមបច្ចុប្បន្ន ក៍មានស្រី្តមានតួនាទីនៅក្នុងជួររដ្ឋាភិបាលដែរ តំាងពីថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិ។
លោកស្រីបន្តទៀតថា ការពិនិត្យភ្នែកមានសារះសំខាន់ណាស់ ដើម្បីអោយយើងដឹងពីបញ្ហាជំងឺបាយភ្នែក ជំងឺកន្ទុយថ្លែន ជំងឺភែ្នកក្រហម ជំងឺកំហុសកំណុំ ជំងឺទឹកដក់ក្នុងភ្នែក និងជំងឺរលាកផ្សេងទៀត ដែលបង្ករមកពីមេរោគ យើងបានពិនិត្យនិងព្យាបាលអោយទាន់ពេលវេលា យើងត្រូវយកចិត្តទុកដាក់ថែទំាសុខភាពភ្នែក បើមានបញ្ហាត្រូវទៅជួបគ្រូពេទ្យដែលមានជំនាញថែទំាភ្នែក។វេទិកាថ្ងៃនេះល្អណាស់ ដែលមានសកម្មភាពពិនិត្យនិងព្យាបាលភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅនិងសហគមន៍ រាជរដ្ឋាភិបាល ខិតខំយកចិត្តទុកដាក់គិតគូដល់បងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាការលំបាកផ្សេងៗ។

ក្នុងនោះផងដែរលោកស្រីអនុប្រធានមន្ទីរ ក៏បានបញ្រ្ជាបពីគ្រឿងញៀន និងបញ្ហាការកើតស្លាប់ នឹងស្លាប់កើតរបស់ទារកក្នុងឆ្នាំ២០២៥មានការកើនឡើង ដូច្នេះដើម្បីកាត់បន្ថយអត្រាស្លាប់កើតនិងកើតស្លាប់របស់ទារក លោកស្រីអនុប្រធានមន្ទីរក៏បានជំរុញឲ្យស្រ្តីដែលមានផ្ទៃពោះទាំងអស់ទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់តាមការណាត់ជួបរបស់គ្រូពេទ្យ និងលើកទឹកចិត្តឲ្យស្រ្តីគ្រប់រូបថែទាំសុខភាពមានអនាម័យល្អ និងបានលើកឡើងពីជំងឺគ្រុនឈាមមានការកើនឡើងនៅរដូវវស្សានេះ សូមឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងមានវិធានការបង្ការ ការពារពីជំងឺគ្រុនឈាម រួមទាំងស្វែងរកការព្យាបាលឲ្យទាន់ពេលវេលាផងដែរ ហើយសូមឲ្យអាណាព្យាបាលដែលមានកូនគ្រប់អាយុ១៨ឆ្នាំ ទៅចុះឈ្មោះបោះឆ្នោត,ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នៅក្នុងឆ្នាំ២០២៧ខាងមុខនឹងមានការបោះឆ្នោតរើសរើសថ្នាក់ដឹកនាំឃុំសង្កាត់និងបោះឆ្នោតរើសថ្នាក់ដឹកនាំប្រទេសឬតំណាងរាស្ត្រក្នុងឆ្នាំ២០២៨។ អត្ថបទ មន្ទីរកិច្ចការនារីខេត្តកំពង់ធំ































