ប្រធានក្រុមការងារចុះមូលដ្ឋានភូមិជន្លូស ជំរុញប្រជាពលរដ្ឋចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត និងពិនិត្យអត្តសញ្ញាណប័ណ្ណដែលហួសសុពលភាព

(កំពង់ធំ)៖ លោកស្រី ង៉ែត ណារីន ប្រធានក្រុមការងារចុះមូលដ្ឋានភូមិជន្លូស និងក្រុមការងារ ព្រមទាំងក្រុមការងារភូមិ-ឃុំ បានចុះពិនិត្យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលហួសសុពលភាព និងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ដែលជាសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា និងមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ឱ្យមកចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

សកម្មភាពនេះបានប្រព្រឹត្តទៅនៅភូមិជន្លូស ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ ដែលមានគ្រួសារបក្សចំនួន៤៣គ្រួសារ បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ។

ក្នុងឱកាសនោះ ប្រធានក្រុមការងារបានពិនិត្យ និងណែនាំអំពីការបំពេញឯកសារពាក់ព័ន្ធ ព្រមទាំងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់លើការរៀបចំឯកសារផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីធានាថាការចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។ ប្រជាពលរដ្ឋដែលមានលក្ខខណ្ឌគ្រប់គ្រាន់ ឱ្យចូលរួមចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតឱ្យបានទាន់ពេលវេលា និងឱ្យបានគ្រប់ៗគ្នា។

លោកស្រីក៏បានបន្ថែមទៀតថា មេក្រុមបក្សទាំងអស់ផ្សព្វផ្សាយបន្ថែមទៀតទៅលើអត្តសញ្ញាណប័ណ្ណរបស់បងប្អូនជាពលរដ្ឋដែលហួសសុពលភាព សូមអញ្ជើញទៅធ្វើឱ្យបានទាន់ពេលវេលា នៅអធិការស្រុកប្រាសាទបល្ល័ង្ក នោះក្រុមការងារខាងរៀបចំអត្តសញ្ញាណប័ណ្ណនិងធ្វើជូនឱ្យបានទាន់ពេលវេលា ដើម្បីយកមកប្រើប្រាស់តាមតម្រូវការរបស់បងប្អូន។

ជាចុងក្រោយលោកស្រី ង៉ែត ណារីន ប្រធានក្រុមការងារចុះមូលដ្ឋានភូមិជន្លូស បានផ្ដាំផ្ញើដល់សមាជិកសមាជិកា និងមេក្រុមបក្សទាំងអស់ សូមចូលរួមទប់ស្កាត់ និងបង្ការជំងឺគ្រុនឈាម ប្រសិនបើមានហេតុការណ៍នេះកើតឡើងសូមបញ្ជូនអ្នកជំងឺទៅមណ្ឌលសុខភាព និងទៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា។ សូមឱ្យអាជ្ញាធរទាំងអស់ផ្សព្វផ្សាយបន្ថែមពីការទប់ស្កាត់ការលង់ទឹកនៅក្នុងមូលដ្ឋាន ចៀសវាងកុំឱ្យបាត់បង់អាយុជីវិតកើតឡើងដោយយថាហេតុ។ អត្ថបទលោក ធូ កែវមុន្នី