ក្រសួងសុខាភិបាលតាមរយៈរាជ រដ្ឋាភិបាលកម្ពុជា គ្រោង នឹង នឹងរៀបចំសាងសង់អាគារមន្ទីរពិសោធន៍ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នាពេលឆាប់ៗខាងមុខនេះ

ខេត្តព្រះសីហនុ៖ យោងតាម កិច្ចប្រជុំ ប្រចាំខែ របស់ ក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ខេត្តព្រះសីហនុ កាលពីម្សិលមិញនេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុបានលើកឡើងថា ៖ បច្ចុប្បន្ននេះ ពិភពលោកនៅតែទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលមិនទាន់ ឃើញមានសញ្ញាថមថយណាមួយឡើយ នឹងនៅតែផ្តល់ផលវិបាកយ៉ាងខ្លាំងស្របពេលដែលថ្នាំព្យាបាលនៅតែមិនទាន់បានរក ឃើញ ហើយវ៉ាក់សាំងដើម្បីការពារជំងឺនេះនៅតែមានភាពមិនទាន់ច្បាស់លាស់ និងប្រាកដប្រជានៅឡើយនោះ ។

ជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ខ្លាំងចំពោះសេដ្ឋកិច្ចពិភពលោក ដែលក្នុងនោះសកម្មភាពស្ទើគ្រប់វិស័យបានធ្លាក់ចុះ ឬជាប់គាំង ដែលបង្កជា ឥទ្ធិពលអវិជ្ជមានទៅលើវិស័យសង្គម ដូចជាការកើនខ្ពស់ឡើងវិញនូវភាពក្រីក្រ អត្រានៃអ្នកអត់ការងារធ្វើ ការបាត់បង់ចំណូល បង្កឲ្យកើតមានបញ្ហាប្រឈមកាន់តែស្មុគស្មាញខ្លាំង ។ ដោយឡែកកម្ពុជាក៏ទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងមកលើវិស័យ សង្គម និងសេដ្ឋកិច្ច ដែលតម្រូវឲ្យរាជរដ្ឋាភិបាលដាក់ចេញនូវគោលការណ៍ និងវិធានការជាច្រើនទទួលបានជោគជ័យ ដែល រហូតមកដល់ពេលនេះ យើងបានបង្រួមក្របខណ្ឌនៃការឆ្លងរាលដាលជំងឺកូវីដ-19 និងកាត់បន្ថយផលប៉ះពាល់ឲ្យស្ថិតក្នុងក្របខណ្ឌកាន់តែតូចទៅៗ ហើយគ្រប់គ្រងបានយ៉ាងឆាប់រហ័ស និងមាន ប្រសិទ្ធភាព ។ អ្វីដែលជាការកត់សម្គាល់ គឺមកដល់ពេលនេះ ប្រទេស កម្ពុជាមិនមានការឆ្លងចូលក្នុងសហគមន៍ មិនមានការបិទប្រទេស ហើយក៏គ្មានអ្នកស្លាប់ដោយសារជំងឺនេះទេ។

ឥឡូវនេះ ក្រសួងសុខាភិបាលតាមរយៈរាជ រដ្ឋាភិបាលកម្ពុជា នឹងរៀបចំសាងសង់អាគារមន្ទីរពិសោធន៍ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីបម្រើដល់ការពិនិត្យ និងវិភាគជំងឺទូទៅ ពិសេសជំងឺឆ្លងដូចជាជំងឺកូវីដ-១៩ជាដើម។

នៅ ថ្ងៃអាទិត្យទី០៦កញ្ញា ឆ្នាំ ២០២០នេះ ដែរ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខភិបាល អមដំណើរដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងដែលគ្រោងសាងសង់ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្ត។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ប្រាប់បណ្តាញផ្សព្វផ្សាយថា គម្រោងនេះរដ្ឋបាលខេត្តព្រះសីហនុនឹងដឹកនាំការសាងសង់អាគារ ចំណែកផ្នែកម៉ាសុីន ឧបករណ៍បំពាក់ផ្សេងៗសម្រាប់ពិនិត្យ វិភាគ បានការឧបត្ថម្ភពីប្រទេសចិន ហើយការសាងសង់នឹងអនុវត្តន៍ឆាប់ៗនេះ៕ ដោយមនោរាហ៍