ស្រា និងបារីត្រូវបានកំណត់ឲ្យនាំចូលតែតាមច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប៉ុណ្ណោះ

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ បញ្ជាក់ពីការកំណត់ជាបណ្ដោះអាសន្ននូវមាត់ច្រក សម្រាប់ការនាំចូលមុខទំនិញស្រា និងបារីគ្រប់ប្រភេទ ដោយយោងតាមយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល និងផែនការសកម្មភាពឆ្នាំ២០២០។

នៅលើលិខិតដែលចុះហត្ថលេខាដោយលោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ដើម្បីពង្រឹងប្រសិទ្ធភាព នៃការប្រមូលចំណូលពន្ធ និងអាករលើមុខទំនិញដែលមានវេទយិតភាពលើចំណូល និងរួមចំណែកទប់ស្កាត់អំពើរត់គេចពន្ធ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកំណត់ជាបណ្ដោះអាសន្ន នូវមាត់ច្រកនាំចូល សម្រាប់មុខទំនិញស្រា (ដែលមានជាតិអាល់កុលលើសពី១០%) និងបារី (ស្ថិតក្នុងទីតាំង ២៤,០២) គ្រប់ប្រភេទ ដូចខាងក្រោម៖

១៖ អនុញ្ញាតឱ្យនាំចូលតែតាមមាត់ច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កំពង់ផែអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិ លើកលែងតែការនាំចូលតាមរបបអគារលក់ទំនិញរួចពន្ធ។
២៖ ការនាំចូលតាមមាត់ច្រកព្រំដែនផ្សេងទៀត ត្រូវមានការអនុញ្ញាតជាមុនពីអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា៕ សំអាង