(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent នៅថ្ងៃព្រហស្បតិ៍នេះ បានព្រមានបណ្តាសម្ព័ន្ធមិត្តថា ពួកគេត្រូវតែជ្រើសរើសថាតើ «នៅខាងយើង ឬប្រឆាំងយើង» ជុំវិញការកាត់ផ្តាច់សេដ្ឋកិច្ចប្រទេសអ៉ីរ៉ង់ បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសពីយុទ្ធនាការជំរុញថ្មីមួយលើបញ្ហានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦។

ថ្លែងប្រាប់ទូរទស្សន៍អាមេរិក CNBC លោក Bessent បានគូសបញ្ជាក់ពីសាររបស់លោកទៅកាន់សម្ព័ន្ធមិត្តដូច្នេះថា «នេះនឹងក្លាយជាការសម្របសម្រួលកាត់ផ្តាច់សេដ្ឋកិច្ចដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រពិភពលោក។ ហើយយើងកំពុងទៅប្រាប់ពួកគេថា អ្នកអាចនៅជាមួយយើង ឬនៅប្រឆាំងនឹងយើង»។
នៅពេលសួរថាតើសហរដ្ឋអាមេរិកនឹងដាក់សម្ពាធលើប្រទេសចិនដែរឬទេ លោកបានឆ្លើយតបថាកិច្ចពិភាក្សាការទូតបែបនេះគឺគួរតែធ្វើឡើងជាសម្ងាត់ ប៉ុន្តែលោកបានជំរុញឱ្យទីក្រុងប៉េកាំង ចូលរួមសហការក្នុងវិធានការនេះផងដែរ។
គួរបញ្ជាក់ថា រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងបង្កើនសម្ពាធយ៉ាងខ្លាំងក្លាទាំងផ្នែកការទូត និងសេដ្ឋកិច្ចលើប្រទេសអ៉ីរ៉ង់ ក្នុងគោលបំណងកាត់ផ្តាច់ប្រភពចំណូលហិរញ្ញវត្ថុរបស់ទីក្រុងតេហេរ៉ង់ ស្របពេលដែលភាពតានតឹងផ្នែកយោធា និងបញ្ហាច្រកសមុទ្រ Hormuz នៅតែបន្តអូសបន្លាយ៕





























