ទឹកជំនន់ទន្លេមេគង្គលិចកំណាត់ផ្លូវជាតិលេខ៩២ ប្រមាណ៣០០ម៉ែត្រ តែអាចធ្វើចរាចរណ៍បានធម្មតា!ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ អំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នពេលឆ្លងកាត់ផ្លូវនេះ

(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានចុះពិនិត្យដោយផ្ទាល់អំពីស្ថានភាពទឹកជំនន់ ដែលបានបន្តហក់ឡើងពីទន្លេមេគង្គ បណ្តាលឱ្យលិចលង់កំណាត់ផ្លូវជាតិលេខ៩២ កំរាលដីល្បាយថ្ម ស្ថិតក្នុងភូមិកំពង់ជ្រៃ ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ។

តាមការបញ្ជាក់របស់លោក សំ លាងទ្រី ទឹកជំនន់បានលិចលើកំណាត់ផ្លូវជាតិលេខ៩២នេះមានប្រវែងប្រមាណ ៣០០ម៉ែត្រ។ប៉ុន្តែទោះជាយ៉ាងណា ស្ថានភាពផ្លូវនៅពេលដែលលោកចុះពិនិត្យ នៅតែអាចធ្វើចរាចរណ៍បានជាធម្មតា។

ជាមួយគ្នានេះ ដើម្បីធានាសុវត្ថិភាព និងចៀសវាងគ្រោះថ្នាក់ជាយថាហេតុ លោក សំ លាងទ្រី បានថ្លែងអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរទាំងអស់ ដែលត្រូវធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវដែលកំពុងរងការលិចទឹកនេះ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់។

ដោយលោកបានណែនាំឱ្យអ្នកបើកបរ បើកបរដោយស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់បំផុតចំពោះស្ថានភាពផ្លូវលិចទឹក ព្រមទាំងគោរពច្បាប់ចរាចរណ៍ បើកបរក្នុងល្បឿនសុវត្ថិភាព និងអនុវត្តតាមផ្លាកសញ្ញាចរាចរណ៍ឱ្យបានម៉ឺងម៉ាត់។

ជាពិសេស លោកបានស្នើឱ្យម្ចាស់រថយន្តដឹកទំនិញ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ ហាមដឹកទំនិញលើសទម្ងន់កំណត់ជាដាច់ខាត ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ និងចូលរួមកាត់បន្ថយការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។

លោក សំ លាងទ្រី បានបញ្ជាក់ថា ក្រោមការណែនាំពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មន្ទីរតែងយកចិតុតទុកដាក់ថែទាំផ្លូវដែលគ្រប់គ្រងដោយមន្ទីរ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនមានភាពងាយស្រួល។ពាក់ព័ន្ធនឹងស្ថានភាពទឹកលិចផ្លូវ មន្ទីរនឹងបន្តតាមដានស្ថានភាពទឹកជំនន់ និងស្ថានភាពផ្លូវជាប្រចាំ ដើម្បីធានាឱ្យការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋមានសុវត្ថិភាព និងចាត់វិធានការចាំបាច់នានា ប្រសិនបើស្ថានភាពទឹកមានការហក់ឡើងបន្ថែមទៀត៕