(វ៉ាស៊ីនតោន)៖ កងនាវាផ្ទុកយន្ដហោះចម្បាំងថ្មីរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ាហើយ ដើម្បីជំនួសទៅជំនួសនាវាចម្បាំងផ្ទុកយន្តហោះ USS Abraham Lincoln។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ទីបញ្ជាការកណ្ដាលអាមេរិក CENTCOM បានគូសបញ្ជាក់ដូច្នេះថា «កងនាវាផ្ទុកយន្ដហោះចម្បាំង George Washington កំពុងធ្វើប្រតិបត្តិការក្នុងតំបន់មជ្ឈិមបូព៌ាតាមពេលវេលានៃការដាក់ពង្រាយបន្ទាប់ពីបានទៅដល់ទីបញ្ជាការរបស់ CENTCOM កាលពីម្សិលមិញ(ថ្ងៃពុធ)»។
ការផ្លាស់ប្តូរនេះកើតឡើង បន្ទាប់ពីសារព័ត៌មានអាមេរិកធំជាច្រើនដោយផ្អែកលើការស្រង់សម្ដីពីសាច់ញាតិនាវិកអាមេរិកនៅលើនាវាចម្បាំង Abraham Lincoln បានសេចក្តីរាយការណ៍ពីអំពីបញ្ហារស់នៅ ការផ្គត់ផ្គង់ និងសម្ពាធផ្លូវចិត្តលើនាវិកនៅលើកប៉ាល់ចម្បាំង Abraham Lincoln បន្ទាប់ពីការដាក់ពង្រាយយូរខុសធម្មតា ក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់។ មិនតែប៉ុណ្ណោះ ក៏មានសេចក្ដីរាយការណ៍ពីការប៉ុនប៉ងធ្វើអត្តឃាតរបស់នាវិកមួយចំនួនតូចផងដែរ។
យ៉ាងណាក៏ដោយ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទាត់ចោលសេចក្ដីរាយការណ៍ទាំងនោះ តែលោកបានទទួលស្គាល់នាវាផ្ទុកយន្ដហោះចម្បាំងថ្មីមួយ នឹងត្រូវបានដាក់ពង្រាយទៅជំនួសនាវាផ្ទុកយន្ដហោះចម្បាំង Abraham Lincoln។
គួរបញ្ជាក់ថា មុនត្រូវបានដាក់ពង្រាយទៅកាន់មជ្ឈិមបូព៌ា USS George Washington ឈរជើងនៅក្នុងប្រទេសជប៉ុន ដើម្បីដឹកនាំប្រតិបត្តិការក្នុងតំបន់ប៉ាស៊ីហ្វិក។ ដូច្នេះការផ្លាស់នាវាផ្ទុកយន្ដហោះចម្បាំងនេះមានន័យថាសហរដ្ឋអាមេរិកមិនមានកងនាវាផ្ទុកយន្ដហោះចម្បាំង ក្នុងតំបន់ប៉ាស៊ីហ្វិកទៀតនោះទេ។ Abraham Lincoln បានចាកចេញពីមូលដ្ឋានទ័ពក្នុងរដ្ឋ California តាំងតែពីខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីភារកិច្ចនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ហើយក្រោយមកត្រូវបានដាក់ពង្រាយទៅកាន់ មជ្ឈិមបូព៌ា មុននឹងសហរដ្ឋអាមេរិក និងអ៉ីស្រាអែលវាយប្រហារលើអ៉ីរ៉ង់កាលពីខែកុម្ភៈ ឆ្នាំ២០២៦៕





























