(ហ្សាការតា)៖ រដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់ចិន និងឥណ្ឌូណេស៊ី នឹងត្រូវជួបគ្នានៅថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ ដើម្បីពិភាក្សាលើបញ្ហាសន្តិសុខ នយោបាយ និងសេដ្ឋកិច្ច ខណៈទីក្រុងហ្សាការតាកំពុងព្យាយាមរក្សាតុល្យភាពទំនាក់ទំនងជាមួយប៉េកាំង និងវ៉ាស៊ីនតោន នៅចំពោះមុខសមរភូមិពាណិជ្ជកម្ម និងភាពតានតឹងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កំពុងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងហ្សាការតា ជាលើកដំបូងក្នុងរយៈពេល ២ឆ្នាំ ហើយរូបលោកនឹងជួបពិភាក្សាការងារជាមួយសមភាគីឥណ្ឌូណេស៊ី លោក Sugiono និងចូលរួមក្នុងកិច្ចប្រជុំ 2+2 ជាមួយរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំង២។ លោក Arifianto Sofiyanto ជាមន្ត្រីម្នាក់របស់ក្រសួងការបរទេសឥណ្ឌូណេស៊ីទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនឹងផ្ដោតជាសំខាន់លើបញ្ហាសេដ្ឋកិច្ចព្រមទាំងទំនាក់ទំនងនយោបាយ។
ចំណែក អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian ក៏បានឱ្យដឹងក្នុងសប្ដាហ៍នេះដែរថាកិច្ចប្រជុំនឹងពិភាក្សាលើបញ្ហានយោបាយ សន្តិសុខ កិច្ចសហប្រតិបត្តិការខាងការពារជាតិ រួមទាំងស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិ។
គួរបញ្ជាក់ថា កិច្ចប្រជុំ 2+2 រវាងចិន និងឥណ្ឌូណេស៊ី ធ្វើឡើង បន្ទាប់ពីតៃវ៉ាន់កាលពីសប្ដាហ៍មុនបានបង្ហាញការខឹងសម្បារចំពោះការធ្វើសមយុទ្ធរួមគ្នាដ៏កម្រមួយរវាងចិន និងកងទ័ពជើងទឹកឥណ្ឌូណេស៊ីនៅក្នុងដែនទឹកស្ថិតនៅភាគខាងកើតកោះតៃវ៉ាន់។ កងទ័ពជើងទឹកឥណ្ឌូណេស៊ីបាននិយាយថានាវាចម្បាំងមួយគ្រឿងរបស់ខ្លួន បានដឹកនាំការធ្វើសមយុទ្ធធម្មតា មិនមែនជាមួយចិនតែមួយគត់នោះទេ តែក៏បានធ្វើសមយុទ្ធរួមគ្នាជាមួយជប៉ុន និងសហរដ្ឋអាមេរិកផងដែរ៕





























