
(កំពង់ធំ)៖ នៅថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ធំ សហការជាមួយកម្លាំងជំនាញចម្រុះ បានចុះប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅតាមទីតាំងមួយចំនួនក្នុងខេត្តកំពង់ធំ។
ជាក់ស្តែង លោកស្រី ប៉ែន ណារ៉េន នាយរងសង្កាត់រដ្ឋបាលជលផលសណ្ដាន់ បានសហការជាមួយកម្លាំងស្នាក់ការក២កំពង់ធំ និងកម្លាំងសឹករងស្រុកសណ្ដាន់ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចភូមិឈើទាល ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ប្រតិបត្តិការនេះសម្រេចបាន១ករណី ដោយបានរុះរើ និងបំផ្លាញចោលនៅនឹងកន្លែងនូវឧបករណ៍នេសាទខុសច្បាប់ រួមមាន÷ របាំងស្បៃមុងចំនួន១៧របាំង ប្រវែងសរុប៨៧៥ម៉ែត្រ របាំងសាច់អួនក្រឡាញឹកចំនួន៨របាំង ប្រវែងសរុប៣៦០ម៉ែត្រ ឡុកចំនួន១០គ្រឿង លូចំនួន១០មាត់ បង្គោលចំនួន ២៦៨ដើម និងចាក់លែងត្រីចម្រុះទម្ងន់ ១៥គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញ។

ដោយឡែក លោក កែវ សុឃឿន មន្ត្រីសង្កាត់រដ្ឋបាលជលផលបារាយណ៍ (ប្រចាំស្រុកតាំងគោក) បានចូលរួមជាមួយកម្លាំងទីបញ្ជាការស្រាលកោះរះ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចជៀប ចំបក់ និងកន្ទួត ស្ថិតក្នុងភូមិសាស្ត្រឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ។ ជាលទ្ធផលកម្លាំងចម្រុះបានអនុវត្ត ១ករណី ដោយបានរុះរើ និងបំផ្លាញចោលនៅនឹងកន្លែងនូវឧបករណ៍នេសាទខុសច្បាប់ រួមមាន÷ របាំងស្បៃមុងចំនួន១០របាំង ប្រវែងសរុប២០០ម៉ែត្រ ឡុកចំនួន ៧គ្រឿង លប/លូចំនួន៧មាត់ បង្គោលចំនួន៨៤ដើម។
សូមបញ្ជាក់ផងដែរថា ប្រតិបត្តិការខាងលើ គឺជាផ្នែកមួយនៃការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ដើម្បីការពារ និងអភិរក្សធនធានជលផលនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ អត្ថបទ ខណ្ឌរដ្ឋបាលជលផលកំពង់ធំ។


































