លោកឧត្តមសេនីយ៍ទោ ហេង សុផល កោតសរសើរដល់កងកម្លាំងនគរបាលទាំងអស់ ដែលឈរលើស្មារតីសាមគ្គីភាព ឈានសម្រេចបានល្អប្រសើរ ជូនថ្នាក់ដឹកនាំ និងសង្គមជាតិ

(កំពង់ធំ)៖ រសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ សីហា និងលើកទិសដៅការងារបន្ត ខែ កញ្ញាឆ្នាំ២០២៦ ដោយមានការចូលរួមពីកងកម្លាំងចំនួន២៧០ នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។

ថ្លែងបើកកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើ ថ្លែងអំណរគុណ ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ដល់បងប្អូនកងកម្លាំង ចំពោះលទ្ធផលល្អប្រសើរ នៃការអនុវត្ត តួនាទី ភារកិច្ច បេសកកម្មនាពេលកន្លងមក
ធានាបានសុខសុវត្ថិភាព ជូនជាតិមាតុភូមិ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្នងការ បានលើកឡើងអំពីសង្គ្រាមនៅមជ្ឈឹមបូព៌ារវាងប្រទេសមហាអំណាច លើពិភពលោក និងជម្លោះព្រំដែន ដែលបង្ករដោយការឈ្លានពានរបស់កងទ័ពថៃ មកលើបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា យើង ។

បន្ថែមលើសភាពការណ៍ នានា ដើម្បីថែរក្សាបាននិរន្តរភាពការងារ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានដាក់ចេញនូវទិសដៅការងារ ដល់កងកម្លាំង សម្រាប់អនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់៖
*ទី១-សូមបន្តថែរក្សាវប្បធម៌ សាមគ្គីភាព  ដើម្បីចូលរួមចំណែកកសាងនូវសមិទ្ធផលថ្មីៗ បន្ថែមទៀត ជូនរាជរដ្ឋាភិបាល .ក្រសួងមហាផ្ទៃ .អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ  ។
*ទី២-ពង្រឹងបទវិន័យលេខ ៨៧៣ របស់កងកម្លាំងនគរបាលជាតិ និងពង្រឹងរបៀបរបបការងារ អនុវត្ត តួនាទី ភារកិច្ច តាមឋានានុក្រម ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ មានទំនួលខុសត្រូវ បន្តចូលរួមលើការងារមនុស្សធម៌ ជួយគ្នាទៅវិញទៅមក
នាគ្រាជួបការលំបាក ។

*ទី៣-ការងារនគរបាលព្រហ្មទណ្ឌ ទោះបីជាសភាពការណ៍ បទល្មើសមានលក្ខណៈល្អប្រសើរយ៉ាងណាក្តី ត្រូវបន្តពង្រឹងវិធានការជំនាញ ក្នុងការគ្រប់គ្រងមុខសញ្ញា ឈានទៅបង្ក្រាបបានទាន់ពេលវេលា ដើម្បីផ្ដន្ទាទោសតាមនីតិវិធីច្បាប់ ។
*ទី៤-ការងារសណ្តាប់ធ្នាប់សាធារណៈ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែជាក្ដីព្រួយបារម្ភ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដូច្នេះហើយទាមទារឱ្យសមត្ថកិច្ចយើង បង្កើនការផ្សព្វផ្សាយអប់រំ គ្រប់ទំរង់រូបភាព ដល់មហាជនទូទៅ ដើម្បីលើកកម្ពស់ការយល់ដឹង និងចូលរួមអនុវត្តច្បាប់ចរាចរណ៍ឱ្យទទួលបានលទ្ធផលល្អប្រសើរ  ។
*ទី៥-ការងារប្រឆាំងបទល្មើសគ្រឿងញៀន រួមគ្នាគិត រួមគ្នាធ្វើសំដៅទប់ស្កាត់ កាត់បន្ថយបទល្មើសគ្រឿងញៀន ដែលកើតមានក្នុងមូលដ្ឋាន សំដៅថែរក្សាបាន សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ។

*ទី៦-ការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច : បន្តបញ្ជុះកម្លាំងសហការជាមួយមន្ត្រីជំនាញ តាមគោលដៅទីបញ្ជាការស្រាល ដើម្បីឆ្លើយតបនឹងកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសនានា កសាងសំណុំរឿងតាមនីតិវិធី ។
*ទី៧-ការងារអន្តោប្រវេសន៍ បន្តចុះធ្វើបច្ចុប្បន្នភាពជាប្រចាំគ្រប់គ្រងត្រួតពិនិត្យលើជនបរទេស ដែលបានស្នាក់នៅក្នុងភូមិសាស្ត្រខេត្ត ជាពិសេសបង្កើនការអនុវត្តអនុក្រឹតលេខ ០៣ ស្តីពី ការគ្រប់គ្រងសន្តិសុខតាមទីតាំង រស់នៅប្រមូលផ្តុំ ឱ្យសកម្មនូវយុទ្ធនាការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។ ត្រូវពង្រឹងការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន ចំពោះគ្រប់រូបភាពនៃ ការឆបោកតាមបច្ចេកវិទ្យា ព្រមទាំងបង្កើនប្រសិទ្ធភាពក្នុងការស្រាវជ្រាវ ស៊ើបអង្កេត ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងរក្សាផលប្រយោជន៍ ស្របច្បាប់របស់ប្រជាពលរដ្ឋ ។

*ទី៨-ការងារនគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ បន្តត្រៀមលក្ខណៈ
គ្រប់ជ្រុងជ្រោយ សម្រាប់កិច្ចអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ នាគ្រាជួបហេតុការណ៍ ចៃដន្យ ។
*ទី៩-ការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ ត្រួតពិនិត្យធ្វើបច្ចុប្បន្នភាពអាវុធជាតិផ្ទុះ និងសហការ ជាមួយអាជ្ញាធរមូលដ្ឋានចុះផ្សព្វផ្សាយអំពីច្បាប់ លិខិតបទដ្ឋាននានា ដែលពាក់ព័ន្ធការប្រើប្រាស់អាវុធខុសច្បាប់ និងគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិន
ទាន់ផ្ទុះ តាមគោលដៅងាយរងគ្រោះ ។
*ទី១០-ការងារអត្តសញ្ញាណកម្ម បន្តអនុវត្តដូចភ្លៀងរលឹម លើការងារផ្ដល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ការផ្តល់សៀវភៅ ស្នាក់នៅ សៀវភៅគ្រួសារ និងការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជាដើម៕ អត្ថបទ ស្នងការនគរបាលខេត្តកំពង់ធំ