ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ៣ខ្សែ តម្លៃជិត ៤៤លានដុល្លារ ស្ថិតក្នុងភូមិសាស្ត្រខេតត្បូងឃ្មុំ និងក្រចេះ

(ក្រចេះ)៖ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ​២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី ថាញ៉ា ម៉ៃយ័រ (TANIA MEYER) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់​ជា​ផ្លូវការផ្លូវចំនួន៣ខ្សែប្រវែងសរុបជិត ១០០គីឡូម៉ែត្រ តម្លៃជិត ៤៤លានដុល្លារ ស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ។

ពិធីសម្ពោធសមិទ្ធផលដែលជាសរសៃឈាមដ៏សំខាន់សម្រាប់តភ្ជាប់ខេត្តភាគឦសាននាព្រឹកថ្ងៃនេះ ត្រូវបាន​ប្រា​រព្ធ​ឡើងយ៉ាងមហោឡារិក ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹក​នាំ​បណ្តាខេត្តភាគឦសាន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្សយ៉ាងច្រើនកុះ​ករ។

ផ្លូវ៣ខ្សែដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ រួមមានកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវលេខ៣៧៧ និងផ្លូវលេខ​៣៧៧អេ។ ផ្លូវទាំង៣ខ្សែនេះ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ​២០២៣ ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អតីតឧបនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជា​ឧត្តមប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ តំណាងសម្តេចតេជោ ហ៊ុន សែន។

ផ្លូវទាំង ៣ខ្សែនេះ មានប្រវែងសរុប ៩៨,៤០៥គីឡូម៉ែត្រ ក្នុងនោះកំណាត់ផ្លូវជាតិលេខ​៧៣៖ មានប្រវែង ៤៩,៨១២គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្ត ត្បូងឃ្មុំ មានចំណុចចាប់ផ្តើមពីផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ឃុំ​ស្រឡប់ ស្រុកត្បូងឃ្មុំ ទៅដល់ចំណុចបញ្ចប់នៃស្ពានកំពង់រាំង ឃុំសេដា ស្រុកតំបែរ (ព្រំប្រទល់ត្បូងឃ្មុំ-ក្រចេះ) ត្រូវបានស្ថាបនាពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលកៅស៊ូAC មានកម្រាស់ ៥សង់ទីម៉ែត្រ មានទទឹងពី ១០ម៉ែត្រ រហូត​ដល់ ១៣ម៉ែត្រ (សម្រាប់ផ្លូវ ២គន្លងនៅក ទីប្រជុំជន) និងទទឹងពី ១៥ម៉ែត្រ រហូតដល់ ១៦ម៉ែត្រ (សម្រាប់ផ្លូវ ៤​គន្លង នៅក្នុងទីប្រជុំជន)។

ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A៖ មានប្រវែងសរុប ៤៨,៥៩៣គីឡូម៉ែត្រ ក្នុងនោះ ផ្លូវខេត្តលេខ៣៧៧ មាន​ប្រវែង ៣៥គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុច ៥០០ម៉ែត្រ ពីរង្វង់មូលព្រាបស (ក្រុងក្រចេះ) ស្ថិតនៅភូមិក្រគរ សង្កាត់​ក្រគរ ក្រុងក្រចេះ ទៅដល់វិហារសសរ១០០ (ស្រុកសំបូរ) និងផ្លូវខេត្តលេខ៣៧៧A មានប្រវែង ១៣,៥៩៣​គីឡូ​ម៉ែត្រ ចាប់ពីផ្សារសណ្ដាន់ ឃុំសណ្តាន់ ភ្ជាប់ជាមួយផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។

ផ្លូវខេត្តទាំង ២ខ្សែនេះ ត្រូវបានស្ថាបនាពង្រីក និងលើកកម្រិតគុណភាពជាប្រភេទ ផ្លូវក្រាលកៅស៊ូ AC មាន​កម្រាស់ ៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែក មានកម្រាស់ ២០សង់ទីម៉ែត្រ មានទទឹងចាប់ពី ៨ម៉ែត្រ រហូត​ដល់ ១១ម៉ែត្រ សម្រាប់ការធ្វើចរាចរណ៍ ២គន្លងទៅ-មក ព្រមទាំងការសាងសង់ស្ពានថ្មីចំនួន ៩កន្លែង ប្រវែង​សរុប ៤១៣ម៉ែត (នៅលើផ្លូវខេត្តលេខ៣៧៧) និងការជួសជុលកែលម្អស្ពានចាស់ចំនួន ៣កន្លែង។

គម្រោងនេះ ក៏បានរួមបញ្ចូលនូវការដាក់លូគ្រប់ប្រភេទ ព្រមទាំងការបំពាក់ស្លាកសញ្ញាចរា​ចរណ៍ គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។

កំណាត់ផ្លូវទាំង ៣ខ្សែនេះ បានអនុវត្តការសាងសង់ដោយក្រុមហ៊ុនចំនួន ២ រួមមាន៖ កំណាត់ផ្លូវជាតិលេខ៧៣ សាងសង់ដោយក្រុមហ៊ុន Nimmeng-Proco Joint Venture និងផ្លូវខេត្តលេខ៣៧៧ និង៣៧៧A សាង​សង់​​ដោយក្រុមហ៊ុន Poly Changda Engineering Co., Ltd ដោយបានប្រើប្រាស់រយៈពេលសាង​សង់​ចំនួន ២១ខែ និងរយៈពេលថែទាំចំនួន ៥០ខែដូចគ្នា។

ចំពោះថវិកាសាងសង់វិញ ផ្លូវទាំង ៣ខ្សែនេះ បានប្រើប្រាស់ថវិកាសរុបប្រមាណ ៤៣,៩៥លានដុល្លារអាម៉េរិក ក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក ដែលក្នុងនោះ កំណាត់ផ្លូវជាតិលេខ៧៣ បាន​ចំណាយថវិកាប្រមាណ ១៤,៧៧លានដុល្លារអាម៉េរិក និងផ្លូវខេត្តលេខ៣៧៧ និង៣៧៧A បានចំណាយ​ថវិកាប្រមាណ ២៩,១៨លានដុល្លារអាម៉េរិក។

តាមចក្ខុវិស័យក្នុងការអភិវឌ្ឍនិងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ខ្សែផ្លូវទាំង ៣ខ្សែនេះ គឺជាខ្សែផ្លូវយុទ្ធ​សាស្ត្រ​ និងសេដ្ឋកិច្ចយ៉ាងសំខាន់ ដែលបានតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវនានា រួមមានដូចជា កំណាត់ផ្លូវជាតិ​លេខ​៧៣ បានតភ្ជាប់ជាមួយផ្លូវជាតិលេខ៧ (ត្រង់បំបែកបំធាតុ) ឆ្ពោះទៅកាន់ខេត្តកំពង់ចាម និងទិសដៅរាជ​ធានី​ភ្នំពេញ តភ្ជាប់ជាមួយផ្លូវជាតិលេខ៧១C ឆ្ពោះទៅ កាន់ស្រុកស្ទឹងត្រង់ និងតភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន និងតំបន់ព្រំដែនកម្ពុជា។

ចំពោះផ្លូវខេត្ត លេខ៣៧៧ បានតភ្ជាប់ចាប់ពីទីប្រជុំជនក្នុងក្រុងខេត្តក្រចេះ ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ធម្ម​ជាតិព្រែកកាំពី និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រវិហារសសរ១០០ និងខ្សែផ្លូវនានានៅក្នុងតំបន់នេះ។

ចំណែកឯផ្លូវខេត្តលេខ៣៧៧A បានតភ្ជាប់ពីទីប្រជុំជនផ្សារសណ្តាន់ទៅដល់ផ្លូវជាតិលេខ៧ ដែល ជាផ្លូវអាស៊ាន​ហាយវេលេខ១១ ក្នុងទិសដៅទៅកាន់ខេត្តនៅភូមិភាគឦសាន រួមមានដូចជា ខេត្ត ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី នៃប្រទសកម្ពុជា។

ការសាងសង់ឡើងវិញនូវខ្សែផ្លូវទាំង ៣ខ្សែនេះ គឺដើម្បីឆ្លើយតបទៅនឹងស្ថានភាព ទ្រុឌទ្រោម និងខូច​ខាត​របស់ខ្សែផ្លូវ ជាពិសេសការប្រឈមនឹងគ្រោះទឹកជំនន់ ដែលបង្កឡើង នៅរៀងរាល់រដូវវស្សា។

នាពេលបច្ចុប្បន្ន ខ្សែផ្លូវទាំង ៣ខ្សែនេះ បាននិងកំពុងផ្តល់អត្ថប្រយោជន៍ និងផលចំណេញផ្នែកសេដ្ឋកិច្ច និង​សង្គមយ៉ាងច្រើន តាមរយៈការសម្រួលដល់ការតភ្ជាប់រវាងតំបន់ ទីប្រជុំជន និងតំបន់ដាច់ស្រយាល ការសម្រួល​ដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ និងកសិផលរបស់បងប្អូនប្រជាពលរដ្ឋ ការធ្វើដំណើរទៅមន្ទីរពេទ្យ និងទៅសាលារៀនរបស់សិស្សា នុសិស្ស និងការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរទៅកាន់តំបន់​រមណីយ​ដ្ឋាន​នានានៅក្នុង ទឹកដីខេត្តក្រចេះ និងខេត្តជាប់ព្រំប្រទល់គ្នា៕