(គែរ)៖ អ៉ីរ៉ង់បានគំរាមសងសឹកទៅនឹងការពង្រីកការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែលសហរដ្ឋអាមេរិកអះអាងថានឹងខ្ទប់ដង្ហើមសេដ្ឋកិច្ចរបស់អ៉ីរ៉ង់ ជាមួយការបង្ហាញក្ដីសង្ឃឹមថាដៃគូពាណិជ្ជកម្មធំៗរបស់អ៉ីរ៉ង់នឹងប្រឆាំងជំទាស់ទៅនឹងយុទ្ធនាការដាក់សម្ពាធរបស់វ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការគំរាមរបស់អ៉ីរ៉ង់កើតមានឡើងបន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent កាលពីថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ បានប្រកាសពីការពង្រីកការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងតេហេរ៉ង់ ជាមួយការព្រមានថាប្រទេសណាមួយដែលបន្តធ្វើពាណិជ្ជកម្មជាមួយអ៉ីរ៉ង់អាចនឹងប្រឈមមុខនឹងការដកចេញពីប្រព័ន្ធហិរញ្ញវត្ថុផ្អែកលើលុយដុល្លាររបស់សហរដ្ឋអាមេរិក។ លោក Bessent មិនបានបញ្ជាក់ចំៗឈ្មោះនៃប្រទេសអាចនឹងត្រូវបានកំណត់ជាគោលដៅ ឬក៏បង្ហើបឱ្យដឹងថាការដាក់ពិន័យនឹងត្រូវចូលជាធរមាននៅពេលណានោះទេ ដោយគ្រាន់តែនិយាយថាលោកចង់ផ្ដល់ពេលវេលាឱ្យពួកគេអនុវត្តតាម ការដាក់ទណ្ឌកម្មថ្មីប្រឆាំងអ៉ីរ៉ង់។
ជាមួយគ្នានោះដែរ ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើគោលដៅចំនួន៦០ មានទាំងបុគ្គល ក្រុមហ៊ុន និងកប៉ាល់ ប៉ុន្តែបញ្ជីឈ្មោះទាំងនោះមិនមានបញ្ចូលឈ្មោះស្ថាប័នហិរញ្ញវត្ថុចិនដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អ៉ីរ៉ង់នោះទេ។ អ៉ីរ៉ង់វិញបានគំរាមចាត់វិធានការសងសឹកមានទាំងជម្រើសយោធា និងការកាត់បន្ថយបន្ថែមទៀតនូវការនាំចេញចេញពីតំបន់ឈូងសមុទ្រ ជាការឆ្លើយតបទៅនឹងការពង្រីកការដាក់ទណ្ឌកម្មសេដ្ឋកិច្ចសំណាក់សហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីសេដ្ឋកិច្ចអ៉ីរ៉ង់ លោក Ali Madanizadeh ក៏បានបង្ហាញក្ដីសង្ឃឹមដែរថាចិន ឬរុស្ស៉ី នឹងមិនទទួលយកចំណាត់ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទេ ហើយព្យាករថាបណ្ដាប្រទេសដទៃនឹងប្រឆាំងតបតផងដែរ៕





























