លោក Netanyahu អះអាងថាអ៉ីរ៉ង់ព្យាយាមសម្លាប់កូនប្រុសម្នាក់របស់លោក

(តែលអាវីវ)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ បាននិយាយថាអ៉ីរ៉ង់បានព្យាយាមសម្លាប់កូនប្រុសម្នាក់ក្នុងចំណោមកូនប្រុស ២នាក់របស់លោក តែមិនបានបង្ហាញភស្តុតាងអ្វីនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

«មានរឿងគួរឱ្យជឿជាក់មួយបានកើតឡើង នោះគឺអ៉ីរ៉ង់បានកំណត់គោលដៅលើកូនប្រុសម្នាក់ក្នុងចំណោមកូនប្រុស ២នាក់របស់ខ្ញុំ។ អ៉ីរ៉ង់បានព្យាយាមសម្លាប់កូនប្រុសម្នាក់របស់ខ្ញុំ»។ នេះជាការលើកឡើងរបស់លោក Netanyahu ក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយទូរទស្សន៍អ៉ីស្រាអែល Channel 14 អំឡុងពិភាក្សាស្ដីពីការរៀបចំសន្តិសុខនៅមុនការបោះឆ្នោតសកលនៅថ្ងៃទី២៧ ខែតុលាខាងមុខ។

គួរបញ្ជាក់ថា លោក Netanyahu មានកូនប្រុស២នាក់ និងកូនស្រីម្នាក់។ ប៉ុន្តែវាមិនទាន់ច្បាស់ថាតើកូនប្រុសរបស់លោករូបណាដែលលោកអះអាងថាអ៉ីរ៉ង់ព្យាយាមសម្លាប់នោះទេ៕