(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ បានដកស៊ីរីចេញពីបញ្ជីប្រទេសគាំទ្រភេរវកម្ម ដើម្បីបើកផ្លូវបន្ធូរបន្ថយទណ្ឌកម្ម និងជាការបោះជំហានថ្មីមួយទៀតក្នុងស្ដារទំនាក់ទំនងឡើងវិញរវាងប្រទេសទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ព្រមពេលជាមួយគ្នា ក្រសួងការបរទេសអាមេរិកក៏បានលុបចោលការចាត់បញ្ចូលអង្គការ al-Nusra Front ដែលសព្វថ្ងៃប្ដូរមកជាឈ្មោះ Hay’at Tahrir al-Sham (HTS) ជាអង្គការភេរវកម្មផងដែរ ខណៈក្រសួងហិរញ្ញវត្ថុអាមេរិកប្រកាសពីការបន្ធូរបន្ថយទណ្ឌកម្មពាក់ព័ន្ធ។ ក្រុមឧទ្ទាមដឹកនាំដោយ HTS បានបណ្ដេញអតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad ចេញពីតំណែងកាលពីខែធ្នូ ឆ្នាំ២០២៤ ហើយមេដឹកនាំរបស់ពួកគេ គឺលោក Ahmed al-Sharaa បានឡើងកាន់តំណែងជាប្រធានាធិបតីស៊ីរី។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានគូសបញ្ជាក់ថា «សកម្មភាពនៅថ្ងៃនេះនឹងជួយជំរុញបន្ថែមនូវការវិនិយោគនៅក្នុងប្រទេសស៊ីរី ដើម្បីជួយលើកកម្ពស់នយោបាយ និងស្ថិរភាពសេដ្ឋកិច្ច»។ លោកបន្ថែមថាការសម្រេចិត្តនៅពេលនេះធ្វើឡើងស្របទៅតាមការសន្យារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការបន្ធូរបន្ថយទណ្ឌកម្មលើស៊ីរី។
តែយ៉ាងណាក៏ដោយ ក្រសួងហិរញ្ញវត្ថុអាមេរិកបានសង្កត់ធ្ងន់ថាការដកចេញការរឹតត្បិតលើស៊ីរី មិនមែនជាការផ្លាស់ប្ដូរគោលជំហររបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងភេរវកម្មជាសកល និងការប្ដេជ្ញាចិត្តក្នុងការនាំយកឧក្រិដ្ឋជននៅស៊ីរីឱ្យទទួលខុសត្រូវតាមផ្លូវច្បាប់នោះទេ៕





























