(បរទេស)៖ តៃវ៉ាន់បានប្រកាសចោទប្រកាន់មនុស្សចំនួន ៩នាក់ ដែលក្នុងនោះរួមមានទាំងបុគ្គលិករបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nvidia និង Super Micro ផងដែរ ពីបទសង្ស័យថាបានលួចនាំចេញម៉ាស៊ីនមេ (Servers) បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទៅកាន់ប្រទេសចិនដោយខុសច្បាប់។ ការចោទប្រកាន់នេះ បានធ្វើឡើងបន្ទាប់ពីមានការស៊ើបអង្កេតលើការនាំចេញម៉ាស៊ីនមេបំពាក់បន្ទះឈីប Nvidia ដែលល្មើសទៅនឹងវិធានការរឹតត្បិតរបស់សហរដ្ឋអាមេរិក ដែលបានហាមឃាត់ការលក់ឈីប AI កម្រិតខ្ពស់ទៅឱ្យចិនចាប់តាំងពីឆ្នាំ២០២២។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។

អាជ្ញាធរបានគូសបញ្ជាក់ថា ជនត្រូវចោទទាំងអស់បានដឹងយ៉ាងច្បាស់អំពីនីតិវិធីត្រួតពិនិត្យផ្ទៃក្នុងយ៉ាងតឹងរ៉ឹងរបស់ក្រុមហ៊ុន Nvidia និង Super Micro ប៉ុន្តែពួកគេនៅតែ «សមគំនិតគ្នាទៅវិញទៅមកនៅតាមកម្រិតផ្សេងៗគ្នាដើម្បីផលចំណេញដ៏ច្រើនសន្ធឹកសន្ធាប់ ដោយបាននាំចេញម៉ាស៊ីនមេកម្រិតខ្ពស់ដោយខុសច្បាប់ បង្កើនការចំណាយលើការអនុលោមតាមច្បាប់របស់សាជីវកម្ម និងបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់រូបភាពអន្តរជាតិរបស់ប្រទេស»។
ឆ្លើយតបនឹងករណីនេះ ទាំងក្រុមហ៊ុន Nvidia (ក្រុមហ៊ុនផលិតបន្ទះឈីប AI ធំបំផុតលើពិភពលោក) និង Super Micro (ក្រុមហ៊ុនផលិតម៉ាស៊ីនមេឈានមុខ) មិនទាន់បានផ្តល់ការអត្ថាធិប្បាយណាមួយភ្លាមៗនៅឡើយទេ។
គួរបញ្ជាក់ថា ការបង្ក្រាបនេះធ្វើឡើងក្នុងបរិបទដែលតៃវ៉ាន់ជាមជ្ឈមណ្ឌលផលិតបន្ទះឈីបកម្រិតខ្ពស់ធំបំផុតលើពិភពលោក បានខិតខំរឹតបន្តឹងការគ្រប់គ្រងការនាំចេញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីការពារកុំឱ្យបច្ចេកវិទ្យាសំខាន់ៗធ្លាក់ទៅក្នុងដៃរបស់ចិន ខណៈអាមេរិកបារម្ភថាចិនអាចយកបច្ចេកវិទ្យា AI ទាំងនេះទៅប្រើប្រាស់ក្នុងវិស័យយោធា និងសន្តិសុខជាតិ៕





























