លោក ស៊ី ជីនពីង ទំនងជាអាចធ្វើទស្សនកិច្ចទៅកាន់ឥណ្ឌា ជាលើកដំបូងក្នុងពេល ៧ឆ្នាំ

(ញូវដែលី)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទំនងជានឹងចូលរួមកិច្ចប្រជុំកំពូល BRICS នៅខែក្រោយ ក្នុងទីក្រុងញូវដែលី ដោយមានគណៈប្រតិភូអមដំណើរដ៏ធំមួយ នៅក្នុងអ្វីដែលអាចនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសឥណ្ឌាក្នុងរយៈពេល៧ឆ្នាំ និងជាសញ្ញាថ្មីមួយទៀតនៃភាពធូរស្រាលក្នុងទំនាកទំនងរវាងប្រទេសទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកប្រភពចំនួន៣ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និងបានដឹងពីដំណើរទស្សនកិច្ចខាងលើ បានឱ្យដឹងទៀតថាឥណ្ឌានឹងត្រូវធ្វើជាម្ចាស់រៀបចំកិច្ចប្រជុំកំពូល BRICS ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងទីក្រុងញូវដែលីជាទីដែលវត្តមានរបស់លោកប្រធានាធិបតី ស៊ី ជីនពីងនឹងត្រូវបាន គេតាមដានមិនមែនដោយសារតែរបៀបវារៈនៃកិច្ចប្រជុំ BRICS នោះទេ តែគឺផ្ដោតលើកិច្ចប្រឹងប្រែងរបស់ទីក្រុងប៉េកាំង និងញូវដែលីក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីមាន ស្ថិរភាព បន្ទាប់ពីមានជម្លោះព្រំដែនក្នុងឆ្នាំ២០២០។

មន្ត្រីឥណ្ឌាម្នាក់ក្នុងចំណោម ៣នាក់ខាងលើបានប្រាប់ Reuters ថាក្រុមមន្ត្រីចិនកំពុងជាប់រវល់រៀបចំសណ្ឋាគារ និងបទដ្ឋានសន្តិសុខ។ ចំណែក បើតាមមន្ត្រីឥណ្ឌា២នាក់ ទៀត លោក ស៊ី ជីនពីងទំនងជានឹងត្រូវបានអមដំណើរដោយគណៈប្រតិភូដែលមានមន្ត្រីចិនប្រហែលជា ៤០០នាក់ បើធៀបកាលពីឆ្នាំ២០១៩ មានមន្ត្រីចិន ២០០នាក់ ដែលបានអមដំណើរលោក ស៊ី ជីនពីង។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនជាលើកដំបូងក្នុងពេល ៧ឆ្នាំ។ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំង២ មានភាពល្អប្រសើរបន្តិចបន្តួចប៉ុណ្ណោះ។ ដូច្នេះហើយ បើតាមប្រភពដែល Reuters ទទួលបាន ក្រុមមន្ត្រីឥណ្ឌា និងចិនត្រូវបានរំពឹងថានឹងប្រើប្រាស់ កិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំង២ ដើម្បីពង្រីកការទំនាក់ទំនងសំដៅគ្រប់គ្រងការខ្វែងគំនិតគ្នាយូរអង្វែងមកហើយជុំវិញជម្លោះព្រំដែន និងបញ្ហាសន្តិសុខក្នុងតំបន់៕