លេចធ្លាយឯកសារថ្មី បង្ហាញថា លោក ដូណាល់ ត្រាំ លួចទិញភាគហ៊ុនក្រុមហ៊ុន SpaceX របស់ Elon Musk

(វ៉ាស៊ីនតោន)៖ យោងតាមរបាយការណ៍ព័ត៌មានហិរញ្ញវត្ថុសាសារណៈ ដែលបានចេញផ្សាយនាពេលថ្មីៗនេះ បានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានវិនិយោគទិញភាគហ៊ុនក្នុងទំហំទឹកប្រាក់រហូតដល់ ៥០,០០០ ដុល្លារអាមេរិក នៅក្នុងក្រុមហ៊ុន SpaceX របស់លោក Elon Musk កាលពីខែមិថុនា កន្លងទៅ។ ការវិនិយោគនេះធ្វើឱ្យរូបលោកមានចំណែកហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុនម៉ៅការយោធាដ៏ធំមួយរបស់រដ្ឋាភិបាល ដែលដឹកនាំដោយអតីតទីប្រឹក្សារបស់លោកផ្ទាល់។

ផ្អែកលើឯកសារបង្ហាញព័ត៌មានហិរញ្ញវត្ដដែល ប្រធានាធិបតីរូបនេះបានចុះហត្ថលេខានៅថ្ងៃទី១២ ខែសីហា និងត្រូវបានបើកចំហជាសាធារណៈនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៦ ឱ្យដឹងថា លោក ត្រាំ បានទិញភាគហ៊ុនក្នុងតម្លៃចន្លោះពី ១៥,០០១ដុល្លារ ទៅ ៥០,០០០ដុល្លារ កាលពីថ្ងៃទី ២៣ ខែមិថុនា។ ប្រតិបត្តិការទិញភាគហ៊ុននេះ គឺជាផ្នែកមួយនៃប្រតិបត្តិការជួញដូរភាគហ៊ុនជាង ១,០០០ លើក ដែលប្រធានាធិបតីបានធ្វើឡើងនៅក្នុងខែមិថុនា ស្របពេលដែលក្រុមហ៊ុន SpaceX បានបើកការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) កាលពីថ្ងៃទី ១២ ខែមិថុនា។ តាមច្បាប់បង្ហាញព័ត៌មានហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក មន្ត្រីរដ្ឋាភិបាល ត្រូវបានតម្រូវឱ្យរាយការណ៍ពីតម្លៃទ្រព្យសកម្មជាចន្លោះទឹកប្រាក់ ប៉ុន្តែមិនតម្រូវឱ្យបញ្ជាក់ចំនួនទឹកប្រាក់ជាក់លាក់នោះទេ។

ឆ្លើយតបនឹងរឿងនេះ លោក Davis Ingle អ្នកនាំពាក្យសេតវិមានបានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Reuters ថា រចនាសម្ព័ន្ធវិនិយោគរបស់ប្រធានាធិបតី ត្រូវបានគ្រប់គ្រងដោយឯករាជ្យដោយគ្រឹះស្ថានហិរញ្ញវត្ថុខាងក្រៅ (Third-party) ដែលធ្វើការជួញដូរផ្អែកលើសូចនាករទីផ្សារដូចជា Schwab 1000 ជាដើម។ លោកបានបន្ថែមថា «ទាំងប្រធានាធិបតី ត្រាំ និងសមាជិកគ្រួសាររបស់លោក គ្មានសិទ្ធិអំណាចក្នុងការចាត់ចែង ឥទ្ធិពល ឬផ្តល់មតិយោបល់លើការវិនិយោគទុន ឬការទិញដូរភាគហ៊ុនទាំងនោះឡើយ»

គួរជម្រាបថា ការវិនិយោគនេះបង្កើតឱ្យមានតំណភ្ជាប់ហិរញ្ញវត្ថុថ្មីមួយរវាងប្រធានាធិបតី និងក្រុមហ៊ុនបាញ់រ៉ុក្កែតរបស់លោក Elon Musk ចំពេលដែលរដ្ឋបាលរបស់លោកកំពុងធ្វើការសម្រេចចិត្តលើគោលនយោបាយជាច្រើន ដែលអាចជះឥទ្ធិពលដល់ជោគវាសនាអាជីវកម្មរបស់ក្រុមហ៊ុននេះ។ ក្រុមហ៊ុន SpaceX គឺជាដៃគូម៉ៅការយោធាយ៉ាងសំខាន់របស់សហរដ្ឋអាមេរិក និងតែងតែស្វែងរកការអនុញ្ញាតពីភ្នាក់ងារសហព័ន្ធជាញឹកញាប់។ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ លោក ត្រាំ ក៏បានណែនាំដល់ក្រុមការងាររបស់លោក ឱ្យជួយជម្រុញការបាញ់រ៉ុក្កែតពាណិជ្ជកម្មក្នុងស្រុកឱ្យមានការកើនឡើងយ៉ាងខ្លាំងផងដែរ ដែលក្នុងនោះ SpaceX គឺជាក្រុមហ៊ុនកំពូលកំពុងក្តោបក្តាប់ទីផ្សារមួយនេះ៕