(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ បានជូនដំណឹងដល់អ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ និងសាធារណជន ឱ្យបានជ្រាបថា ក្រសួងនឹងរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពអ្នកជំនាញស្ប៉ា និងសុខុមាលភាព ដោយឥតគិតថ្លៃ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។

យោងតាមសេចក្ដីជូនដំណឹងដែល Fresh News ទទួលបាន ការរៀបចំសិក្ខាសាលានេះ មានគោលបំណងរួមចំណែកលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ព្រមទាំងពង្រឹងសមត្ថភាព និងគុណវុឌ្ឍរបស់អ្នកដែលកំពុងបម្រើការងារដោយផ្ទាល់ក្នុងសេវាកម្មស្ប៉ា និងសុខុមាលភាព។
១៖ លក្ខខណ្ឌជ្រើសរើស
បេក្ខជន បេក្ខនារី ត្រូវមានសញ្ជាតិខ្មែរ និងមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។ ត្រូវមានបទពិសោធបម្រើការងារក្នុងសេវាកម្មស្ប៉ា និងសុខុមាលភាពយ៉ាងតិច ១ឆ្នាំ ព្រមទាំងមានអត្តចរិតល្អ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។
បេក្ខជន បេក្ខនារី ត្រូវមានឆន្ទៈ និងការតាំងចិត្តខ្ពស់ក្នុងការចូលរួមកម្មវិធីសិក្ខាសាលាឱ្យបានពេញលេញ។ ជាពិសេស ជនមានពិការភាពភ្នែកដែលកំពុងបម្រើការងារក្នុងសេវាកម្មស្ប៉ា និងសុខុមាលភាព ត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងកម្មវិធីនេះ។
២៖ ឯកសារត្រូវភ្ជាប់
បេក្ខជន បេក្ខនារី ត្រូវភ្ជាប់ឯកសារដូចជា រូបថតថ្មីទំហំ ៣x៤ ចំនួន ៣សន្លឹក, ជីវប្រវត្តិសង្ខេបចំនួន ១ច្បាប់, សេចក្តីចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនចំនួន ១ច្បាប់ និងសេចក្តីចម្លងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់បញ្ជាក់ទីលំនៅបច្ចុប្បន្នចំនួន ១ច្បាប់។
ជាមួយគ្នានេះ ត្រូវភ្ជាប់វិញ្ញាបនបត្រ សញ្ញាបត្រ លិខិតបញ្ជាក់ការងារ ឬឯកសារបញ្ជាក់បទពិសោធន៍ការងារ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត ប្រសិនបើមាន។
៣៖ អត្ថប្រយោជន៍
សិក្ខាកាមនឹងទទួលបានការបណ្តុះបណ្តាល និងបង្ហាត់បង្ហាញដោយផ្ទាល់ពីវាគ្មិនដែលមានបទពិសោធ និងជំនាញក្នុងវិស័យស្ប៉ា និងសុខុមាលភាពជាច្រើនឆ្នាំ។
កម្មវិធីនេះនឹងផ្តល់ចំណេះដឹង និងជំនាញពាក់ព័ន្ធនឹងការផ្តល់សេវាស្ប៉ា និងសុខុមាលភាព ការថែទាំប្រព័ន្ធប្រសាទ ឆ្អឹង ស្បែក និងសរសៃឈាម ព្រមទាំងការយល់ដឹងអំពីការផ្តល់សេវាកម្មបដិសណ្ឋារកិច្ច និងការព្យាបាលដោយចលនា ដើម្បីឱ្យសិក្ខាកាមអាចយកចំណេះដឹង និងជំនាញទៅអនុវត្តក្នុងការផ្តល់សេវាជូនភ្ញៀវប្រកបដោយវិជ្ជាជីវៈ និងទំនុកចិត្ត។
សិក្ខាកាមដែលបានចូលរួមកម្មវិធីសិក្ខាសាលាបានពេញលេញ នឹងទទួលបានវិញ្ញាបនបត្រដែលមានការទទួលស្គាល់ពីក្រសួងទេសចរណ៍។
៤៖ កាលបរិច្ឆេទ និងទីតាំង
កម្មវិធីសិក្ខាសាលានឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ អំឡុងសប្តាហ៍ទី៣ ខែកញ្ញា ឆ្នាំ២០២៦ និងនៅខេត្តសៀមរាប អំឡុងសប្តាហ៍ទី១ ខែតុលា ឆ្នាំ២០២៦។
បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ចូលរួម ឬចង់សាកសួរព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០៧៨ ២៦២ ៤៥៦ / ០៩៦ ៦២២ ៦៤៥៦ រៀងរាល់ម៉ោងធ្វើការ៕































