
ខេត្តព្រះវិហារ៖ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក ស៊ាប កែវជីវ៉ា អភិបាល នៃគណៈអភិបាលស្រុកសង្គមថ្មី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទការដ្ឋាន និងប្រគល់-ទទួលជាផ្លូវការនូវគម្រោងសាងសង់ផ្លូវបេតុងអាមេ ប្រវែង ២៧០ ម៉ែត្រ ដែលជាសមិទ្ធផលថ្មីរបស់រដ្ឋបាលឃុំភ្នំត្បែងមួយ។
ពិធីនេះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលស្រុក អាជ្ញាធរឃុំ ក្រុមប្រឹក្សាឃុំ មន្ត្រីរាជការ ពាក់ព័ន្ធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ក្នុងបរិយាកាសរីករាយ និងមោទនភាពជាខ្លាំង។
ផ្លូវបេតុងអាមេមួយខ្សែនេះ ត្រូវបានសាងសង់ឡើងក្រោមមូលនិធិអភិវឌ្ឍន៍ឃុំ-សង្កាត់ ក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការសម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ និងបង្កើនសុវត្ថិភាពចរាចរណ៍ក្នុងមូលដ្ឋាន ជាពិសេសគឺការកាត់បន្ថយការលំបាកនាដូវវស្សា។

ក្នុងឱកាសនោះ លោក ស៊ាប កែវជីវ៉ា បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមការងារបច្ចេកទេស និងអាជ្ញាធរឃុំ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តគម្រោងនេះឱ្យលេចជាប្រយោជន៍ជាក់ស្តែង ប្រកបដោយគុណភាព និងបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។ ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមថែរក្សាសមិទ្ធផលផ្លូវបេតុងថ្មីនេះឱ្យបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែង សម្រាប់ជាប្រយោជន៍រួមរបស់សហគមន៍ទាំងមូល។
ការបញ្ចប់គម្រោងសាងសង់ផ្លូវនេះ បានស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋបាលស្រុកសង្គមថ្មី ក្នុងការបន្តកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទឱ្យកាន់តែរីកចម្រើនជាលំដាប់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕ដោយ សួន ពិសិត




























