ISC-2 បង្ហាញលទ្ធផលនៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

(ភ្នំពេញ)៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (Second Inter-Parliamentary Speakers’ Conference – ISC-2) ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងរៀបចំដោយព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅដោយជោគជ័យ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

សន្និសីទអន្តរសភាដ៏សំខាន់នេះ ដែលមានការចូលរួមពីប្រតិភូសរុបចំនួន ១៣០រូប តំណាងឱ្យ ៣០ប្រទេស និងអង្គការអន្តរសភា និងអង្គការអន្តរជាតិពាក់ព័ន្ធ ត្រូវបានរៀបចំឡើងក្រោមមូលបទ៖ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ការពង្រឹងច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី» (Solidarity for Peace and Shared Prosperity: Strengthening International Law and Resolving Conflicts Peacefully)។

មូលបទនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់សភានានា ក្នុងការលើកកម្ពស់សន្តិភាព ការគោរពច្បាប់អន្តរជាតិ ពហុភាគីនិយម កិច្ចសន្ទនា ការទូតសភា និងការដោះស្រាយជម្លោះដោយសន្តិវិធី ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនផ្នែក ដូចជា សន្តិសុខ សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍ៕