
(កំពង់ធំ)៖ លោកស្រី រ៉េន ស៊ីណាត បុគ្គលិកអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) និងក្រុមការងារ បានចុះពង្រឹងដល់គណៈកម្មការ ធនាគារជ្រូកកណ្ដុរ និងចម្ការកសិរុក្ខកម្មរបស់សហគមន៍ព្រៃឈើអូរសោម ក្នុងគម្រោង “ ការប្រើប្រាស់ដី និងការការពារធនធានធម្មជាតិជនជាតិដើមភាគតិច “ ក្រោមជំនួយគាំទ្រពី SDC និង Ireland តាមរយៈអង្គការ DCA ដែលអនុវត្តដោយអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ ។ ដែលមានទីតាំងនេះស្ថិតនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាព្រឹកថ្ងៃសៅរ៍ ០១ រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសចុះពិនិត្យនេះ លោកស្រី រ៉េន ស៊ីណាត បានលើកឡើងពីសារៈសំខាន់នៃការចូលរួមរបស់គណៈកម្មការសហគមន៍ព្រៃឈើអូរសោម ក្នុងការថែរក្សា និងអភិវឌ្ឍធនាគារជ្រូកកណ្ដុរ ព្រមទាំងការបន្តពង្រីកសកម្មភាពកសិរុក្ខកម្មនៅក្នុងតំបន់។ លោកស្រីបានស្នើឱ្យគណៈកម្មការសហគមន៍យកចិត្តទុកដាក់ថែរក្សាពូជជ្រូកកណ្ដុរឱ្យបានល្អ ដើម្បីធានាដល់ការបន្តអភិវឌ្ឍសកម្មភាពចិញ្ចឹមជ្រូករបស់សហគមន៍។

ជាមួយគ្នានេះលោកស្រីបានណែនាំឱ្យសហគមន៍ បន្តពង្រីកការដាំដុះដំណាំបន្ថែមនៅចំការកសិរុក្ខកម្មឱ្យបានច្រើនជាងមុន ដើម្បីជួយបង្កើនសកម្មភាពផលិតកម្ម និងរួមចំណែកដល់ការពង្រឹងជីវភាពរបស់ប្រជាជនក្នុងសហគមន៍។ ស្នើឱ្យមានការរៀបចំផែនការសកម្មភាពបន្ត ដើម្បីឱ្យសហគមន៍អូរសោមមានការរីកចម្រើន និងមានសកម្មភាពអភិវឌ្ឍកាន់តែប្រសើរឡើង។
ដោយឡែក លោក សន យាង ជាគណៈកម្មការសហគមន៍ព្រៃឈើអូរសោម បានសំណូមពរដល់អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) ពង្រឹងសមត្ថភាពដល់គណៈកម្មការ និងបន្តផ្តល់បច្ចេកទេសពាក់ព័ន្ធនឹងការចិញ្ចឹមជ្រូកកណ្ដុរដល់សមាជិកសហគមន៍ ដើម្បីឱ្យការចិញ្ចឹមអាចដំណើរការបានកាន់តែល្អប្រសើរ ព្រមទាំងស្នើសុំអណ្ដូងទឹកស្អាត ដើម្បីប្រើប្រាស់សម្រាប់ស្រោចស្រពដំណាំ និងផ្គត់ផ្គង់ទឹកសម្រាប់ជ្រូកកណ្ដុរ។ សំណូមពរទាំងនេះត្រូវបានលើកឡើងក្នុងគោលបំណងដើម្បីជួយសម្រួលដល់សកម្មភាពកសិកម្ម និងការចិញ្ចឹមសត្វរបស់សហគមន៍។

គួររំលឹកផងដែរថាការចុះពង្រឹងសមត្ថភាពដល់គណៈកម្មការ ធនាគារជ្រូកកណ្ដុរ និងចម្ការកសិរុក្ខកម្មនេះ បានបង្ហាញពីការយកចិត្តទុកដាក់លើការពង្រឹងជីវភាពរបស់សហគមន៍តាមរយៈការចិញ្ចឹមសត្វ និងការដាំដំណាំ ព្រមទាំងការរៀបចំផែនការសកម្មភាពបន្តសម្រាប់ការអភិវឌ្ឍសហគមន៍ព្រៃឈើអូរសោមឱ្យមានភាពរីកចម្រើនជាងមុន។ អត្ថបទលោក ធូ កែវមុន្នី











































