អំណោយមនុស្សធម៌នាពេលនេះ គឺជាប្រភពថាមពល និងជាការលើកទឹកចិត្តយ៉ាងធំធេងដល់កងកម្លាំងសមរភូមិមុខ ក្នុងការបន្តបេសកកម្មបម្រើជាតិ និងការពារបូរណភាពទឹកដី

ខេត្តព្រះវិហារ៖ កងកម្លាំងនៃគណៈបញ្ជាការសមរភូមិទិសទី១ ខេត្តព្រះវិហារ បានទទួលអំណោយឧបត្ថម្ភជាម៉ូតូ Honda Wave ចំនួន ២គ្រឿង ប្រកបដោយទឹកចិត្តសប្បុរសធម៌ និងស្មារតីស្នេហាជាតិខ្ពស់ ពីឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងលោកជំទាវ សុខ វណ្ណា ដើម្បីជួយសម្រួលដល់ការប្រកបបេសកកម្មការពារបូរណភាពទឹកដីនៅតំបន់ព្រំដែន។
ពិធីប្រគល់ និងទទួលអំណោយមនុស្សធម៌នេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅក្នុងខេត្តព្រះវិហារ ដោយមានការចាត់តំណាងពី ឯកឧត្តម អគ្គនាយក នាំយកដោយ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ យន់ ម៉ានី ប្រធានពន្ធនាគារខេត្តព្រះវិហារ ទៅប្រគល់ជូន លោក ឧត្តមសេនីយទោ ជោត ហូត នាយសេនាធិការរង នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលកំពុងឈរជើងប្រចាំការនៅសមរភូមិមុខទិសទី១។

មធ្យោបាយធ្វើដំណើរទាំងនេះ នឹងត្រូវយកទៅប្រើប្រាស់ជាប្រយោជន៍ផ្លូវការ ក្នុងការជួយសម្រួលដល់ការល្បាត ការធ្វើដំណើរ និងការដឹកជញ្ជូនសម្ភារឧបភោគបរិភោគចាំបាច់នានា សំដៅបង្កើនប្រសិទ្ធភាពការងាររបស់កងកម្លាំងនៅសមរភូមិមុខឱ្យកាន់តែមានភាពរហ័សរហួន និងទាន់ពេលវេលា។
តំណាងកងកម្លាំងនៃគណៈបញ្ជាការសមរភូមិទិសទី១ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តម ឈន សាណាត និងលោកជំទាវ សុខ វណ្ណា ដែលតែងតែយកចិត្តទុកដាក់ និងចងចាំជានិច្ចនូវការលះបង់របស់កងកម្លាំងប្រដាប់អាវុធ។ អំណោយមនុស្សធម៌នាពេលនេះ មិនត្រឹមតែជាការជួយសម្រួលដល់ការងារបច្ចេកទេស និងសម្ភារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការលើកទឹកចិត្តយ៉ាងធំធេង បង្ហាញពីស្មារតី «សមរភូមិក្រោយ គាំទ្រសមរភូមិមុខ» និងកម្លាំងសាមគ្គីភាពយ៉ាងរឹងមាំក្នុងការរួមចំណែកថែរក្សាសន្តិសុខ និងបូរណភាពទឹកដីកម្ពុជា​៕ដោយ សួន ពិសិត