ឯកឧត្តម ចាន់ ស៊ីណាត បានឱ្យដឹងថាប្រព័ន្ធធារាសាស្ត្រថ្មីៗ នឹងជួយបង្កើនផលិតភាពកសិកម្មនិងជីវភពពលរដ្ឋក្នុងមូលដ្ឋាន

(កំពង់ធំ ) ៖ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថាប្រព័ន្ធធារាសាស្ត្រថ្មីៗ នឹងជួយបង្កើនផលិតភាពកសិកម្មនិងជីវភពពលរដ្ឋក្នុងមូលដ្ឋាន

ឯកឧត្តម បានលើកឡើងដូច្នេះនៅក្នុងឱកាសចុះមើលស្ថានភាពអាងទឹក ៣០កញ្ញា គម្រោងជីក ស្តារប្រព័ន្ធប្រឡាយមេ និងប្រព័ន្ធប្រឡាយរងព្រមទាំងសំណង់សិល្បការ្យជាច្រើនចេញពីអាងទឹក៣០កញ្ញា ក្នុងការមកស្រោចស្រពស្រែស្រូវប្រជាពលរដ្ឋនៅក្នុងបណ្ដាឃុំជាច្រើននៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។

ឯកឧត្តមបានបន្ថែមថា ប្រព័ន្ធប្រឡាយថ្មីនេះនឹងជួយស្រោចស្រពលើឃុំជាច្រើនដូចជាឃុំព្រះដំរី ឃុំរុងរឿង ឃុំចំណាលើ ឃុំចំណាក្រោម ឃុំបន្ទាយស្ទោង និងឃុំផ្សេងទៀតដែលនៅក្បែរ ហើយអាចស្រោចស្រព លើស្រែចម្ការបានដោយសុវត្ថិភាពជាងមុន ព្រោះប្រព័ន្ធអាងទឹក៣០កញ្ញាទទួលរងទឹកបន្ថែមពីអាងស្តុកទឹកថ្មីគឺអាងត្រពាំងព្រីង ស្ថិតនៅក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលមានលទ្ធភាពអាចស្តុកទឹកបានប្រមាណជាច្រើនលានម៉ែត្រគីបបន្ថែមទៀតដែលនឹងធ្វើឱ្យអាង ៣០កញ្ញានិងស្ទឹងស្ទោងព្រមទាំងប្រព័ន្ធស្រោចស្របបានកាន់តែសកម្មនិងរស់រវើក។

លើសពីនេះប្រព័ន្ធ ស្រោចស្រពថ្មីនេះគឺជាការឆ្លើយតបយ៉ាងបន្ទាន់បំផុតទៅនឹងតំរូវការជាក់ស្ដែងរបស់ពលរដ្ឋជាពិសេសតំបន់ដែលពុំទាន់មានប្រព័ន្ធស្រោចស្រពទៅដល់ហើយវាជាប្រព័ន្ធរំដោះទឹកជំនន់ថែមទៀត។

ឯកឧត្តមបានសង្កត់ធ្ងន់ថា យើងត្រូវធ្វើកិច្ចការនេះដោយបន្ទាន់គឺមិនត្រូវរង់ចាំ ស្រែស្រូវកសិករស្វិតស្រពោនឬលិចលង់ដោយមិនមានការស្រោចស្របឬបង្ហូរបង្ហួសបានទាន់ពេលវេលានោះឡើយ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង