(នីកូស៉ី)៖ អាជ្ញាធរបានឱ្យដឹងថាមនុស្សយ៉ាងហោច ៧នាក់បានស្លាប់បាត់បង់ជីវិត និង ២៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីកប៉ាល់ដឹកអ្នកដំណើរមួយគ្រឿងផ្ទុកមនុស្សប្រមាណ ២៧០នាក់ បានក្រឡាប់លិចនៅក្បែរឆ្នេរសមុទ្រនៃតំបន់ស៊ីបខាងជើង (North Cyprus) កាលពីថ្ងៃអាទិត្យនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦។

កប៉ាល់ដឹកអ្នកដំណើរប្រភេទ Catamaran នេះបានចាកចេញពីកំពង់ផែ Kyrenia នៅវេលាម៉ោងប្រមាណ ១២៖៣០ នាទីរសៀល ក្នុងគោលដៅឆ្ពោះទៅកាន់កំពង់ផែ Tasucu ក្នុងខេត្ត Mersin នៃប្រទេសតួកគី ប៉ុន្តែស្រាប់តែជួបឧប្បត្តិហេតុលិចចូលទឹកភ្លាមៗដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់។ វីដេអូនៅកន្លែងកើតហេតុបានបង្ហាញពីទិដ្ឋភាពអ្នកដំណើរពាក់អាវពោងក្រហម បានតោង និងឈរនៅលើបាតកប៉ាល់ដែលក្រឡាប់ផ្ងារជើងឡើងលើ ខណៈកងឆ្មាំសមុទ្រ និងទូកឯកជនជាច្រើនបានប្រញាប់ប្រញាល់ចេញទៅជួយសង្គ្រោះ។
មេដឹកនាំតំបន់ស៊ីបដើមកំណើតតួកគី លោក Tufan Erhurman បានថ្លែងប្រាប់ទូរទស្សន៍ CNN Turk ថា «យើងបានជួយសង្គ្រោះមនុស្សចំនួន ២៣៧នាក់ដោយសុវត្ថិភាព។ ទោះជាយ៉ាងណា យើងក៏បានស្រង់សាកសពមនុស្សចំនួន ៧នាក់ផងដែរ ហើយយើងមានការសោកស្តាយជាខ្លាំងចំពោះរឿងនេះ»។ លោកបានបន្ថែមថា «យើងនៅតែមិនទាន់អាចទាក់ទងមនុស្សចំនួន ២៣នាក់ទៀតនៅឡើយទេ ហើយក្រុមស្វែងរក និងជួយសង្គ្រោះកំពុងធ្វើការយ៉ាងសស្រាក់សស្រាំបំផុតដើម្បីស្វែងរកពួកគេ»។
គួរបញ្ជាក់ថា ទីក្រុង Kyrenia គឺជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏ពេញនិយមមួយ ហើយកប៉ាល់ដឹកអ្នកដំណើរនេះគឺជាមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃដ៏សំខាន់ដែលតភ្ជាប់តំបន់ស៊ីបខាងជើង ទៅកាន់ប្រទេសតួកគី ខណៈដែលប្រតិបត្តិការរុករកជនរងគ្រោះដែលកំពុងបាត់ខ្លួននៅតែបន្តដំណើរការយ៉ាងបន្ទាន់៕


























