អាជីវករនៅផ្សារនាគមាស ចំនួន ២១១ស្តង់ ដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យ ទទួលអំណោយរបស់លោក ហ៊ុន ម៉ានី

(ភ្នំពេញ)៖ អាជីវករនៅផ្សារនាគមាស ចំនួន ២១១ស្តង់ ដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ទទួលបានថវិកាចំនួន១លានរៀល ក្នុងមួយស្តង់ ដែលថវិកាទាំងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
ដែលនាំយកមកចែកជូនដោយលោក ហួត ហៃ អភិបាលរាជធានីភ្នំពេញ ស្តីទី។

ពិធីប្រគល់ថវិកានេះបានធ្វើឡើងនាល្ងាចថ្ងៃទី៣០ ខែសីហា ២០២៦នេះ ក្រោមអធិបតីភាពលោក ហួត ហៃ អភិបាលរាជធានីភ្នំពេញស្តីទី តំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅបរិវេណអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ សង្កាត់ផ្សារដើគរ ខណ្ឌទួលគោក។

លោក ហួត ហៃ ក្នុងឱកាសនោះ បានចូលរួមសោកស្តាយយ៉ាងខ្លាំង ចំពោះបងប្អូនអាជីវករលក់បន្លែ និងផ្លែឈើទាំងអស់ដែលទទួលរងគ្រោះដោយគ្រោះអគ្គីភ័យ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ដែលធ្វើឱ្យស្តង់លក់ដូរទាំង២១១ស្តង់ ត្រូវបានអគ្គីភ័យឆាឆេះអស់ទាំងស្រុង បើទោះបីរដ្ឋបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយលោក ឃួង ស្រេង បានចាត់ក្រុមអន្តរាគមន៌ជួយពន្លត់ប្រឹងប្រែងយ៉ាងទាន់ពេលវេលាក៏ដោយ។ លោក ហួត ហែ បន្តថា ដោយមើលឃើញទុក្ខលំបាករបស់បងប្អូនជាអាជីវករ លោក ហ៊ុន ម៉ានី បានផ្ដល់ថវិកាជូនតាមរយៈ រូបលោក ដែលជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាំយកថវិកាមកប្រគល់ជូនបងប្អូនអាជីវករទាំង២១១ស្តង់ ពោលគឺក្នុងមួយស្តង់ទទួលបានថវិកា ១លានរៀល។ លោកក៏បានលើកឡើងថា លោក ហ៊ុន ម៉ានី លោកជាថ្នាក់ដឹកនាំដ៏ល្អម្នាក់ តែងតែយកចិត្តទុក្ខដាក់គិតគូរសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋទូទៅ ជាក់ស្ដែងថ្ងៃនេះ ចំពោះបងប្អូនអាជីវករ នៅផ្សារនាគមាស ដែលកំពុងជួបការលំបាកដោយភ្លើងឆេះតូបស្តង់ នាពេលកន្លងមកនេះ។

លោក ហួត ហៃ បានបន្តទៀតថា៖ ចំពោះមុខនៃទុក្ខលំបាកនេះដែរ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំជាផ្សារលក់បន្លែ និងផ្លែឈើជាបណ្ដោះអាសន្ន នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ ដោយរង់ចាំឱ្យម្ចាស់ផ្សារ និងអាជ្ញាធរ សាងសង់តូប/ស្តង់ឡើងវិញ ទៅតាមទំហំ និងទីតាំងនៅក្នុងផ្សារនាគមាសដដែរ។

ក្នុងឱកាសនោះដែរ បងប្អូនអាជីវករទាំងអស់ សប្បាយរីករាយ និងបានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោ៖លោក ហ៊ុន ម៉ានី និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានផ្តល់ថវិកា និងបានសម្រួលឱ្យពួកគាត់បានលក់បន្ត ដើម្បីចិញ្ចឹមជីវិត។

គួរបញ្ជាក់ថា៖ ផ្សារនាគមាស ត្រូវបានអគ្គិភ័យវាយប្រហារយ៉ាងសន្ធោសន្ធៅ នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ ស្ថិតនៅផ្សារផ្លែឈើA៥ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ប្រភេទសំណង់ដែកប្រក់ស័ង្កសី ទំហំ ៦០ម៉ែត្រ ១៤០ម៉ែត្រ, ខូចខាតសម្ភារៈ ឆេះតូបចំនួន២១១តូប រួមនឹងសម្ភាររបស់អាជីវករជាច្រើនទៀត តែមិនបណ្ដាលឲ្យមនុស្សស្លាប់ ឬរងរបួសនោះឡើយ។ អគ្គីភ័យនេះ បានប្រើប្រាស់រថយន្ដការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ចំនួន២១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន១៤៧គ្រឿង។ មូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី៕