សហរដ្ឋអាមេរិក វាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ អ៉ីរ៉ង់សងសឹកវិញដោយបាញ់មីស៊ីលលើមូលដ្ឋានទ័ពអាមេរិក នៅហ្ស៊កដានី

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ បានបើកការវាយប្រហារលើប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ២គ្រឿង នៅលើកោះតូចមួយរបស់អ៉ីរ៉ង់ ក្នុងតំបន់ច្រកសមុទ្រ Hormuz ដែលនេះជាការវាយប្រហារលើកដំបូងក្នុងរយៈពេលមួយខែមកនេះ និងជំរុញឱ្យ អ៉ីរ៉ង់សងសឹកវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រុមមន្ត្រីអាមេរិកបានឱ្យដឹងថាការវាយប្រហារលើកោះ Larak របស់អ៉ីរ៉ង់ កាលពីថ្ងៃអាទិត្យ ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់កុំឱ្យអ៉ីរ៉ង់ដំឡើងគ្រាប់មីនសមុទ្រនៅច្រកសមុទ្រ Hormuz ប៉ុន្មានថ្ងៃ បន្ទាប់ពីយោធាអាមេរិកបានប្រកាសបោសសម្អាតគ្រាប់មីនសមុទ្រទាំងស្រុងចេញពីច្រកសមុទ្រដ៏សំខាន់មួយនេះ។ ប៉ុន្តែ ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក កងកម្លាំងឆ្មាំបដិវត្តន៍ នៅថ្ងៃចន្ទ ទី៣១ ខែសីហា បានបើកការវាយប្រហារដោយបាញ់មីស៊ីលបាលិស្ទីគលើមូលដ្ឋានទ័ព King ​Hussein និង Al Azraq របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសហ្ស៊កដានី។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ដោយបន្ថែមថាការវាយប្រហាររបស់សហរដ្ឋអាមេរិកលើកោះ Larak បានបណ្ដាលឱ្យមនុស្សជាច្រើននាក់ស្លាប់ និងរងរបួស។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុន បានប្រកាសពីការបោសសម្អាតគ្រាប់មីនសមុទ្រទាំងអស់ចេញពីច្រកសមុទ្រ Hormuz ហើយបានព្រមានថានាវា ឬទូក ទាំងឡាយណាដែលហ៊ានដំឡើងគ្រាប់មីនសមុទ្រសាជាថ្មីនឹងត្រូវបានកម្ទេច៕