ប្រធានក្រុមប្រឹក្សាភិបាលពហុកីឡដ្ឋានជាតិ នាំយកថវិកាចំនួន ៧៩ ៥៥៥ដុល្លារ ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា4

(ភ្នំពេញ)៖ លោកបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលពហុកីឡដ្ឋានជាតិ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារពហុកីឡដ្ឋានជាតិ រួមជាមួយក្រុមហ៊ុន Nano Sound, Kirisan Family, ក្រុមហ៊ុន STADIUM X, ក្រុមហ៊ុន STMARKET, តំណាងក្រុមរាំ និងតារាចម្រៀងជាច្រើនរូប នាំយកថវិកាចំនួន ៧៩ ៥៥៥ដុល្លារអាម៉េរិក បានមកពីការលក់សំបុត្រចូលរួមទស្សនាការប្រគុំតន្រ្តីសប្បុរសធម៌ បេះដូងមួយ សំនៀងមួយ ដើម្បីគន្ធបុប្ផា ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

ព្រឹត្តិការណ៍នៃការប្រគុំតន្រ្តីនេះ បានរៀបចំធ្វើឡើងកាលពីពេលថ្មីៗកន្លងទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយលក់សំបុត្របានចំនួន ១៦ ២៣៨សន្លឹក។

លោកស្រី ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនពហុកីឡដ្ឋានជាតិ, ក្រុមហ៊ុន Nano Sound និងភាគីពាក់ព័ន្ធ រួមទាំង Kirisan Family, ក្រុមហ៊ុន STADIUM X, ក្រុមហ៊ុន STMARKET,ក្រុមរាំ និងតារាចម្រៀងទាំងអស់ ចំពោះការចូលរួមធ្វើឱ្យការប្រគុំតន្ត្រីសប្បុរសធម៌នេះទទួលបានជោគជ័យ។

បន្ថែមលើនេះ, លោកស្រីក៏សូមថ្លែងអំណរគុណ ពុកម៉ែ បងប្អូនទាំងអស់ ដែលបានទិញសំបុត្រចូលទស្សនាការប្រគុំតន្ត្រីសប្បុរសធម៌នេះ ដើម្បីបង្ហាញពីការចូលរួមលើកកម្ពស់ស្មារតី «ខ្មែរជួយខ្មែរ» ជាពិសេស ដើម្បីរួមគ្នានាំក្តីសង្ឃឹម និងភាពញញឹមដល់ទារក កុមារ និងស្ត្រីមានផ្ទៃពោះនៅកម្ពុជា៕