(ស៊ីដនី)៖ នាយកសាលាម្នាក់បានក្លាយជាវីរបុរស បន្ទាប់ពីរូបលោកបានជួយសង្រ្គោះជីវិតសិស្សសាលានេប៉ាល់ជាង ១៦០០នាក់ ដោយសម្រេចចិត្តជម្លៀសពួកគេភ្លាមៗទៅកាន់ទីទួលខ្ពស់មានសុវត្ថិភាព តែជាង ១០នាទីប៉ុណ្ណោះ មុនកើតមានមហន្តរាយទឹកជំនន់វាយប្រហារលើតំបន់ព្រំដែននេប៉ាល់ និងទីបេកាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC News នៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦។

លោក Rajendra Dawadi ជានាយកវិទ្យាល័យ Tribhuvan Trishuli ក្នុងតំបន់ Nuwakot បានឱ្យដឹងថារូបលោកទទួលបានការហៅទូរស័ព្ទចំនួន៤ ដែលព្រមានពីគ្រោះមហន្តរាយគ្រោះទឹកជំនន់ និងបំណាក់ល្បាប់ភក់ដ៏សាហាវ។ នៅពេលនោះលោកបានសម្រេចភ្លាមៗដើម្បីជម្លៀសសិស្សទាំងអស់ ដោយបានប្រាប់ពួកគេឱ្យឡើងទៅទីទួលខ្ពស់មានសុវត្ថិភាព និងបានបញ្ជាឱ្យរថយន្ដក្រុមដឹកសិស្ស បើកត្រឡប់ក្រោយវិញចេញពីកន្លែងមានគ្រោះថ្នាក់ទាន់ពេលវេលា។
លោក Dawadi បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើយើងមិនបានសម្រេចចិត្តឱ្យបានឆាប់ទេ ឬយឺតជាងនេះតែ១០នាទី នោះយើងទាំងអស់គ្នា រួមទាំងសិស្សទាំងអស់ រួមទាំងខ្ញុំប្រហែលជាស្លាប់បាត់ទៅហើយ»។ លោកបន្ថែមថាទឹកជំនន់បានកើតឡើងមួយរំពេចដោយអគារស្នាក់នៅរបស់សិស្សមួយស្ថិតនៅចម្ងាយ ១០០ម៉ែត្រពីទន្លេត្រូវបានជន់លិចភ្លាមៗ។
គួរបញ្ជាក់ថា ក្រុមអ្នកជួយសង្រ្គោះនៅក្នុងប្រទេសនេប៉ាល់ និងចិន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ បានពន្លឿបប្រតិបត្តិការតាមស្វែងរកអ្នកបាត់ខ្លួន ក្នុងគ្រោះមហន្តរាយទឹកជំនន់ និងបំណាក់ភក់ ដ៏សាហាវដែលបានវាយប្រហារលើ តំបន់ព្រំដែននេប៉ាល់ និងទីបេ។ បើតាមតួលេខផ្ដល់ដោយអាជ្ញាធរនេប៉ាល់ និងចិន ចំនួនអ្នកស្លាប់ក្នុងគ្រោះមហន្តរាយទឹកជំនន់នេះបានកើនដល់ ៧៩៧នាក់ និង៣០៤៨នាក់បានបាត់ខ្លួន៕


























