
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានដំណើរការផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការបើកគណនីធនាគារជូនយោធិន ក្នុងកងយោធពលខេមរភូមិន្ទ របស់ក្រសួងការពារជាតិ ដែលពិធីផ្សព្វផ្សាយនេះស្ថិតក្រោមអធិបតីភាពឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយការិយាល័យ ស្ថាប័នចំណុះ ព្រមទាំងនាយទាហាន ដែលបំពេញភារកិច្ចកាងារហិរញ្ញវត្ថុនៅតាមបណ្ដាអង្គភាពនីមួយៗផងដែរ ។
លោកវរសេនីយ៍ទោ ជាវ សុធារិទ្ធ នាយផ្នែកហិរញ្ញវត្ថុនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសេចក្ដីណែនាំលេខ ០០៤/២០២៦ សណន របស់ក្រសួងការពារជាតិស្តីពីការបើកគណនីធនាគារជូនយោធិនក្នុងកងយោធពលខេមរភូមិន្ទ និងផ្សព្វផ្សាយនីតិវិធីស្តីពីការបើកគណនីធនាគារ និងការបើកប្រាក់តាមប្រព័ន្ធធនាគារធានាជូនយោធិនក្នុងកងយោធពលខេមរភូមិន្ទ ព្រមទាំងបានណែនាំលំអិតអំពីរបៀបរបបក្នុងការអនុវត្តន៍ ។ ជាមួយនេះដែរ យោធិនគ្រប់រូបត្រូវត្រៀមនូវរាល់ឯកសារគ្រប់គ្រាន់ ដែលមានសុពលភាព ដើម្បីបម្រើកិច្ចការនេះឲ្យមានប្រសិទ្ធភាព ។
លោកមេបញ្ជាការបណ្ដាកងឯកភាព និងនាយទាហាន ដែលបំពេញភារកិច្ចកាងារហិរញ្ញវត្ថុនៅតាមអង្គភាពមួយចំនួន បានឡើងពិភាក្សា និងមានសំណួរមួយចំនួនដែលពាក់ព័ន្ធដល់ការរៀបចំបំពេញបែបបទឯកសារ ដើម្បីធានាដល់ការរៀបចំបើកគណនីធនាគារ និងការបើកប្រាក់តាមប្រព័ន្ធធនាគារនាពេលខាងមុខ ឲ្យទទួលបានសុវត្ថិភាព និងជោគជ័យតាមគោលការណ៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
បន្ទាប់ពីការចូលរួមពិភាក្សាយ៉ាងល្អិតល្អន់រួចមក ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយការិយាល័យ ស្ថាប័នចំណុះ និងនាយទាហានដែលបំពេញភារកិច្ចការងារហិរញ្ញវត្ថុទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមសេចក្ដីណែនាំរបស់ក្រសួងការពារជាតិ និងត្រូវដំណើរការអនុវត្តន៍តាមដំណាក់កាលនីមួយៗតាមការណែនាំ រហូតដល់ការបើកគណនី និងការបើកប្រាក់បៀវត្សន៍តាមប្រព័ន្ធធនាគារជូនដល់យោធិនគ្រប់រូបជាបន្តបន្ទាប់ ចាប់ពីខែកញ្ញា ឆ្នាំ២០២៦ នេះតទៅ រហូតដល់បញ្ចប់ការបើកគណនី និងការបើកប្រាក់បៀវត្សតាមប្រព័ន្ធធនាគារឲ្យបានរួចរាល់១០០% នៅចុងខែមិថុនា ឆ្នាំ២០២៧ ខាងមុខនេះ ។





































