
(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីព្រមទាំងសម្បុរជន បាននាំយកនូវគ្រឿងឧបភោគបរិភោគសម្ភារ ថវិកា ឧបត្ថម្ភដល់វីរៈកងទ័ពជូរមុខទិសខេត្តព្រះវិហារកាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៦ នៅសាលាឃុំទ្រា ។
នៅក្នុងឱកាសនោះលោកអភិបាលស្រុកស្ទោង បានសំដែងការស្វាគមន៍និងសាទរព្រមទាំងថ្លែងអំណរគុណជាអានេកដល់អាជ្ញាធរឃុំទ្រា និងសប្បុរសជនជិតឆ្ងាយ ដែលបានកៀរគរចូលរួមជាសម្ភារ ថវិកា និងគ្រឿងឧបភោគបរិភោគ ជាមួយអាជ្ញាធរក្នុងការឧបត្ថម្ភគាំទ្រលើកទឹកចិត្តដល់វីរកងទ័ពជួរមុខដ៏អង់អាចក្លាហាននៃយើងដែលកំពុងប្រកៀកស្មាការពារជាតិមាតុភូមិនៅទិសខេត្តព្រះវិហារដែល ដែលជាការលើកទឹកចិត្តនិងស្មារតី ក្នុងនាមសមរភូមិក្រោយដែលមិនបណ្តែតបណ្ដោយ ឬទុកឲ្យសមរភូមិមុខឯកាឡើយ។
ជាមួយគ្នានេះវីរៈកងទ័ពបានសំដែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោក សាយ គឹមឡម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង និងអាជ្ញាធរឃុំទ្រាដែលតែងតែឧបត្ថម្ភគាំទ្រ និងជួបសំណេះសំណាលសួរសុខទុក្ខលើកទឹកចិត្តវីរកងទ័ពជួរមុខជាញឹកញយ ដែលជាការយកចិត្តទុកដាក់ និងជាស្មារតីប្រគៀកស្មារវាងសមរភូមិមុខ និងសមរភូមិក្រោយ យ៉ាងសកម្មបំផុត ។
សូមបញ្ជាក់ថា ការឧបត្ថម្ភនៅពេលនេះគឺជូនដល់កងអនុសេនាធំស៊ើបការ កងពលតូចអន្តរាគមន៍លេខ៨ ទិសទី១ ប្រាសាទព្រះវិហារ ឈរជើងភ្នំត្រងោល ក្នុងនោះថវិកាលោក សាយ គឹមឡម ចំនួន ៥០ម៉ឺនរៀល និងព្រះគ្រូចៅអធិការវត្តហប់ និងសម្ភារថវិការបស់សប្បុរសជនជាច្រើនទៀតសរុបចំនួន៤,៤២៥,៦០០រៀល។ អត្ថបទ រដ្ឋបាលស្រុកស្ទោង






































