
(កំពង់ធំ )÷ លោក សាយ គឹមឡម ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តិន៍ជនកម្ពុជាស្រុកស្ទោង ខេត្តកំពង់ធំ បាននាំយកថវិកាបេឡាមរណសង្គ្រោះប្រគល់ជូនគ្រួសារអតីតយុទ្ធជន និងវិនិវត្តន៍ជនកម្ពុជាក្នុងស្រុកស្ទោង ស្ថិតនៅក្នុងឃុំសំព្រោជ និងឃុំទ្រា កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៦។
ថ្លែងនៅក្នុងឱកាសនេះ លោកបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានសមាគម សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តិន៍ជនកម្ពុជាគ្រប់រូបដែលបាន ពលីសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ។
ជាមួយគ្នាលោកបានសម្ដែងសមានចិត្តចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពដែលបានបាត់បង់សាច់ញាតិជាទីស្រឡាញ់ដែលមិនអាចជួបគ្នាតទៅទៀត ជាពិសេសលោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមគ្រួសារដែលបានបញ្ជូនសាច់ញាតិជាទីស្រឡាញ់ក្នុងការចូលរួមបម្រើជាតិមាតុភូមិដោយមិនខ្លាចនឿយហត់។
ឆ្លៀតក្នុងឱកាសនោះលោក សាយ គឹមឡម បានអំពាវនាវដល់ពលរដ្ឋ និងអាជ្ញាធរត្រូវរួបរួមសហការគ្នាធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាមដែលកំពុងផ្ទុះការរាតត្បាតខ្លាំងហើយត្រូវធ្វើអនាម័យខ្លួនប្រាណ ផ្ទះសម្បែង ជាពិសេសកម្ចាត់ជម្រកមូសខ្លាដែលជាភ្នាក់ងារចម្លងមេរោគ។
សូមបញ្ជាក់ថា ការប្រគល់ថវិកានៅក្នុងពេលនេះគឺជូនក្រុមគ្រួសារសពលោក ឡេង ឡាន់ នៅភូមិអំពិល ឃុំសំព្រោជ និងក្រុមគ្រួសារលោក សូត្រ ជឿន នៅក្នុងភូមិទ្រា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ដែលក្នុងមួយគ្រួសារទទួលបានថវិកា៤លានរៀលផងដែរ។ អត់បទ រដ្ឋបាលស្រុកស្ទោង






































