
(កំពង់ធំ)៖ នៅវេលាម៉ោង ៥:០០ ល្ងាច ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ មានករណីគ្រោះធម្មជាតិខ្យល់កន្ត្រាក់មួយបានកើតឡើងនៅក្នុងភូមិប្រាំងសំរោង ឃុំច្រនាង ស្រុកតាំងគោក បណ្តាលឱ្យប៉ះពាល់ និងខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន ៤ ខ្នង (របើកដំបូល ៣ ខ្នង, សំយ៉ាប ១ ខ្នង និងដួលរលំទាំងស្រុង ១ ខ្នង)។
ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោក ហាក់ ម៉ុងហួត អភិបាលនៃគណៈអភិបាលស្រុកតាំងគោក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោក បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពផ្ទាល់ ព្រមទាំងនាំយកអំណោយមនុស្សធម៌ទៅចែកជូនគ្រួសាររងគ្រោះ ដើម្បីជួយសម្រាលទុក្ខលំបាកចំពោះមុខ។
នៅក្នុងឱកាសនោះ លោកអភិបាលស្រុក បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការអាណិតអាសូរយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយ “មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ដោយសារអាជ្ញាធរមិនបានដឹងនោះឡើយ”។
ទន្ទឹមនឹងនោះ លោកអភិបាលស្រុកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិ (មេឃរន្ទះ ខ្យល់កន្ត្រាក់) នាដងផ្លាស់ប្តូររដូវនេះ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុ
ជាចុងក្រោយលោកអភិបាលស្រុកបានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន (ភូមិ-ឃុំ) ត្រូវតាមដានជាប្រចាំនូវស្ថានភាពអាកាសធាតុ ជាពិសេសបាតុភូតធម្មជាតិដូចជា ភ្លៀង ខ្យល់កន្ត្រាក់ និងរន្ទះបាញ់។
ត្រូវក្តាប់ព័ត៌មានឱ្យបានឆាប់រហ័ស ដើម្បីចុះជួយប្រជាពលរដ្ឋភ្លាមៗ និងរាយការណ៍បន្តមកអាជ្ញាធរថ្នាក់ស្រុក ក្នុងការស្វែងរកដំណោះស្រាយ និងផ្តល់ជំនួយបន្ថែមបានទាន់ពេលវេលា៕ អត្ថបទ រដ្ឋបាលស្រុកតាំងគោក








































