ខណ្ឌរដ្ឋបាលជលផលកំពង់ធំ បន្តប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ និងរុះរើឧបករណ៍នេសាទខុសច្បាប់នៅតាមមូលដ្ឋាន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

(ខេត្តកំពង់ធំ)៖ ខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានបន្តសហការជាមួយកងកម្លាំងមានសមត្ថកិច្ច និងសហគមន៍នេសាទ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផលនៅតាមភូមិសាស្ត្រមួយចំនួន ក្នុងខេត្តកំពង់ធំ ដោយអនុវត្តបានសរុប៦ករណី និងរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទ ព្រមទាំងចាក់លែងត្រីចម្រុះចូលក្នុងធម្មជាតិវិញ។

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ប្រតិបត្តិការទាំងនេះ បានធ្វើឡើងនៅស្រុកស្ទោង ក្រុងស្ទឹងសែន និងស្រុកតាំងគោក ដោយក្រុមការងារបានរុះរើបំផ្លាញចោលរបាំងស្បៃមុង របាំងសាច់អួន ឡុក លូ លប និងបង្គោលឈើជាច្រើន ព្រមទាំងបានចាក់លែងត្រីចម្រុះសរុបជាង១២០គីឡូក្រាម

លោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង ដឹកនាំមន្រ្តីជាប់កិច្ចសន្យា សហការណ៍ជាមួយប៉ុស្តិ៍រដ្ឋបាលឃុំស្ពានគ្រង សហគមន៍នេសាទក្បាលស្ទឹង និងស្ពានគ្រង ចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផលនៅចំណុចក្នុងភូមិសាស្រ្តឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។ លទ្ធផលអនុវត្តបាន១ករណី បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន១៥របាំង ប្រវែង៩០០ម៉ែត្រ ឡុកចំនួន១៥គ្រឿង លូចំនួន១៥មាត់ បង្គោលចំនួន១៥០ដើម និងចាក់លែងត្រីទំងន់៤៥គីឡូក្រាមចូលទន្លេវិញ។

ចំណែកឯលោក យ៉េង យ៉ាន នាយរងសង្កាត់រដ្ឋបាលជលផលស្ទឹងសែន សហការជាមួយកងកម្លាំងផ្នែកសឹករងក្រុងស្ទឹងសែន ចុះបង្រ្កាបបទល្មេីសជលផលនៅភូមិសាស្រ្តសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ លទ្ធផលសម្រេចបាន១ករណី នេសាទដោយប្រើឧបករណ៍ហាមឃាត់(ឆក់ត្រី)វត្ថុតាងរួមមាន÷ ម៉ូតូអាសង់ពណ៌ខ្មៅC100 ចំនួន១ គ្រឿង
ដុំភ្លេីងឆក់ចំនួន២គ្រឿង អាគុយចំនួន២គ្រឿង ដងឆក់ចំនួន២គូ ចាក់លែងត្រីចំរុះទំងន់៥គីឡូក្រាម ចំណែកឯជនសង្ស័យបានរត់គេចខ្លួនបាត់។

នៅថ្ងៃដដែលលោក កែវ សុឃឿន មន្រ្តីសង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក ) បានចូលរួមជាមួយកម្លាំងទីបញ្ជាការស្រាលកោះរះ ចុះបង្រ្កាបបទល្មើសជលផលនៅចំណុតាជេត ដៃស្រឡៅ និងកោះតាកែវ ស្ថិតក្នុងភូមិសាស្រ្តឃុំស្រឡៅ ស្រុកតាំគោក ខេត្តកំពង់ធំ។ លទ្ធផលអនុវត្តបាន១ករណី បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន១១របាំងប្រវែង១៣៧៥ម៉ែត្រ ឡុកចំនួន១១គ្រឿង លបលូចំនួន១១មាត់ បង្គោលចំនួន២១៣ដើម ចាក់លែងត្រីចម្រុះទំងន់៧៥គីឡូក្រាមចូលទន្លេវិញ។

លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង ដឹកនាំមន្រ្តី និងមន្រ្តីជាប់កិច្ចសន្យា ចូលរួមជាមួយលោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ( យោធភូមិភាគទី៤) សហការជាមួយកម្លាំងទីបញ្ជាការស្រាលប្រចាំឃុំពាមបាង ស្រុកស្ទោង បានចេញប្រតិបត្តិការ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ នៅចំណុចចាប់ពីបាទាល់ ដល់ បាឡតតូច
ឃុំពាមបាងស្រុកស្ទោង ខេត្តកំពង់ធំ។ លទ្ធផលអនុវត្តបាន២ ករណី)បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ ១/-របាំងសាច់អួនលើសប្រវែងចំនួន៤ របាំង ប្រវែង១១០០ម៉ែត្រ ឡុកចំនួន៨គ្រឿង លូ/លបចំនួន១៦មាត់។
២/-របាំងសាច់អួនក្រឡាញឹកចំនួន ២ របាំងប្រវែង៤៥០ម៉ែត្រ ឡុកចំនួន៤គ្រឿង លូ/លបចំនួន៨ មាត់ បង្គោលឈើចំនួន៧០០ដើម។

ជាមួយគ្នានេះផងដែរ លោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង ដឹកនាំមន្រ្តីជាប់កិច្ចសន្យា សហគមន៍នេសាទស្ពានគ្រង ចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផលនៅចំណុចបឹងងួនក្រៅ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។ លទ្ធផលអនុវត្តបាន១ករណី បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន៣របាំង ប្រវែង១៥០ម៉ែត្រ ឡុកចំនួន៣គ្រឿង លូចំនួន៣មាត់ បង្គោលចំនួន៧៥ដើម ចាក់លែងត្រីទំងន់៥គីឡូក្រាមចូលទន្លេវិញ។

សូមបញ្ជាក់ផងដែរថា ខណ្ឌរដ្ឋបាលជលផលកំពង់ធំ នឹងបន្តសហការជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងសហគមន៍នេសាទ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ព្រមទាំងការពារធនធានជលផលឱ្យមាននិរន្តរភាព។ អត្ថបទ ខណ្ឌរដ្ឋបាលជលផលកំពង់ធំ