
(កំពង់ធំ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវានុវត្តន៍ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន ព្រមទាំងដៃគូពាក់ព័ន្ធនានា ក្នុងខេត្តកំពង់ធំ ស្តីពី «រួមគ្នាបង្កើនលទ្ធភាពទទួលបានសេវាទឹកស្អាត» នៅថ្ងៃសុក្រ ០៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ កំពង់ធំរ៉ូយ៉ាល់ ខេត្តកំពង់ធំ។

កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម សួន តារា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ លោក លឹម មិញ នាយកប្រតិបត្តិ នៃសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា លោកស្រី អយ សត្យា អ្នកដឹកនាំផលប័ត្រ នៃអង្គការ Water.org ឯកឧត្តម ងួន រាសី អភិបាលរងខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ លោក លោកស្រី ជាមន្ត្រីអមដំណើរនៃក្រសួងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ មន្ត្រីអមដំណើរនៃក្រសួងមហាផ្ទៃ រដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត រដ្ឋបាលក្រុង/ស្រុក រដ្ឋបាលឃុំ/សង្កាត់ រដ្ឋាករទឹកស្អាត ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន បុគ្គលិកសមាគមជាច្រើនរូប។

ជាមួយគ្នានេះផងដែរឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានបញ្ជាក់ថាកិច្ចប្រជុំពិគ្រោះយោបល់នេះគឺមានគោលបំណងជួយជំរុញឱ្យកំណើននៃប្រជាពលរដ្ឋទទួលបានទឹកស្អាត ប្រកបដោយ គុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ តាមការកំណត់របស់ក្រសួង ដែលស្របទៅនឹងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព កម្ពុជាឆ្នាំ២០១៦-២០៣០ ដែលកំណត់ថា ប្រជាពលរដ្ឋត្រូវមានទឹកស្អាតប្រើទាំងអស់គ្នា នៅត្រឹម ឆ្នាំ២០៣០ ព្រមទាំងផ្សព្វផ្សាយ«ការជំរុញលើកកម្ពស់និងបង្កើនលទ្ធភាពទទួលបានសេវាទឹកស្អាតនៅ រដ្ឋបាលថ្នាក់ក្រោម ជាតិ» របស់ក្រសួងមហាផ្ទៃឱ្យកាន់តែមានប្រសិទ្ធភាព។ ដើម្បីឱ្យកិច្ចប្រជុំពិគ្រោះយោបល់នេះ ទទួលបានជោគជ័យទៅតាមការគ្រោងទុក អ្នកចូលរួមទាំងអស់ សកម្មក្នុងការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និងសួរដេញដោលក្នុងន័យស្ថាបនាកែលម្អ ដើម្បីបានជាប្រយោជន៍ដ៏មានសារៈបំផុតសម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកំពង់ធំ។

កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម ជា វ៉េង បានថ្លែងថានៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់វិស័យអាទិភាពគន្លឹះចំនួន៥គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដែលក្នុងនោះ «ទឹក” គឺត្រូវបានរំកិលមកជា អាទិភាពលំដាប់ទី៣ ដោយផ្តោតលើរបៀបវារៈ “ធានាប្រសិទ្ធភាពសមិទ្ធកម្ម” និងអភិក្រម ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ។ ដើម្បីជំរុញបរិវិត្តកម្មសេដ្ឋកិច្ច ស្របតាមទិសស្លោក «ទីណា មានទឹកស្អាត, ទីនោះនឹងមានការផ្លាស់ប្តូរជាសេដ្ឋកិច្ច» ហើយក៏ស្របទៅនឹងពាក្យស្លោក «ទឹកស្អាតសម្រាប់ ទាំងអស់គ្នា» ដែលសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ធ្លាប់បានប្រកាសឱ្យប្រើពាក្យស្លោកនេះ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នាអាណត្តិទី៦។
ជាចុងក្រោយឯកឧត្តម ជា វ៉េង អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវានុវត្តន៍ បានបន្ថែមទៀតថាឯកឧត្តមអតិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជានិច្ចកាល ផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងសកម្ម ចំពោះក្នុងការបំពេញបេសកកម្មលើវិស័យទឹកស្អាត។ ការជំរុញលើកកម្ពស់ និងបង្កើនលទ្ធភាពទទួលបាន សេវាទឹកស្អាត នៅរដ្ឋបាលថ្នាក់ក្រោមជាតិ មានការចង្អុលណែនាំលើការងារ៥ចំណុច ដែលរដ្ឋបាលថ្នាក់ក្រោមជាតិ គប្បីចូលរួមអនុវត្ត មានដូចជា៖
(១) ត្រូវរក្សាការពារឱ្យបានគង់វង្សនូវប្រភពទឹកធម្មជាតិដែលមានស្រាប់ និងពង្រីកវិសាលភាព ឬបង្កើត នូវប្រភពទឹកថ្មីសម្រាប់ការផ្គត់ផ្គង់ទឹកស្អាត និងការប្រើប្រាស់ផ្សេងៗឱ្យបានគ្រប់គ្រាន់នៅតាម មូលដ្ឋាន។
(២) ត្រូវកៀរគរ និងលើកទឹកចិត្តដល់ផ្នែកឯកជន ក្នុងការវិនិយោគលើវិស័យផ្គត់ផ្គង់ និងផ្តល់សេវា ទឹកស្អាតជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនទាំងនៅទីប្រជុំជន និងទីជនបទ។
(៣) ត្រូវធ្វើផែនការក្នុងការពង្រីកបណ្តាញទឹកស្អាតដើម្បីផ្គត់ផ្គង់ ឆ្លើយតបទៅនឹងតម្រូវការនៃកំណើន ប្រជាសាស្ត្រ និងនគរូបនីយកម្ម។
(៤) ត្រូវចាត់វិធានការ និងរក្សាការពារឱ្យបានគត់មត់នូវដីចំណីផ្លូវ និងចិញ្ចើមផ្លូវដែលជាដីសាធារណៈ របស់រដ្ឋ ដើម្បីប្រើជាប្រយោជន៍ក្នុងការតភ្ជាប់បណ្តាញទឹកស្អាត បណ្តាញខ្សែកាបក្រោមដី បណ្តាញ លូសាធារណៈ ការពង្រីកហេដ្ឋារចនាសម្ព័នរូបវន្តសម្រាប់បម្រើផលប្រយោជន៍សាធារណៈ។
(៥) ត្រូវសហការជាមួយវិស័យឯកជន ជាពិសេសប្រតិបត្តិករទឹកស្អាត ឱ្យចូលរួមក្នុងការរៀបចំ និង កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ដើម្បីអាចចែករំលែកព័ត៌មាននានាក្នុងការអភិវឌ្ឍមូលដ្ឋាន។ អត្ថបទលោក ធូ កែវមុន្នី
































